សម្តេចក្រឡាហោម ស ខេង បញ្ជាក់ការចាកចេញទទួលកិច្ចការថ្មី (Video Inside)

សម្តេចក្រឡាហោម ស ខេង បានថ្លែងថាមន្ត្រីក្របខណ្ឌក្នុងជួរដឹកនាំរបស់ក្រសួងមហាផ្ទៃ នឹងមានរក្សាជាដដែលចំពោះថ្នាក់ដឹកនាំនានា ក្នុងរង្វង់ការដឹកនាំស្ថាប័នដ៏សំខាន់នេះ លើកលែងតែរូបសម្តេចតែម្នាក់ដែលនឹងចាកចេញទទួលបំពេញកិច្ចការថ្មី។

ប្រសាសន៍ថ្លែងបញ្ជាក់នេះ បានធ្វើនៅថ្ងៃទី១៤ សីហា ឆ្នាំ២០២៣ ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជូនដល់និស្សិតជ័យលាភី ចំនួន ៥៦៩នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ប្រសាសន៍ថ្លែងរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងខណៈក្រសួងមហាផ្ទៃ ក៏ដូចជាបណ្តាក្រសួងនានាត្រៀមនឹងមានរដ្ឋមន្ត្រីថ្មីតាមក្រសួងរៀងៗខ្លួន សម្រាប់ការដឹកនាំរាជរដ្ឋាភិបាលអាណ្ណត្តិទី៧។

យោងតាមការបង្ហាញសមាសភាព នៃកញ្ចប់រាជរដ្ឋាភិបាលថ្មីដឹកនាំដោយ «កិត្តិទេសាភិបាលបណ្ឌិត» ហ៊ុន ម៉ាណែត, រដ្ឋមន្ត្រីថ្មីនៃក្រសួងមហាផ្ទៃ គឺលោក ស សុខា ដែលជាកូនប្រុសរបស់សម្តេចក្រឡាហោម ស ខេង។

សមាសភាពថ្នាក់ដឹកនាំដទៃទៀត ដែលត្រូវបានបង្ហាញមិនទាន់ជាផ្លូវការកាលពីសប្តាហ៍មុន បានបង្ហាញថាលោក ទៀ សីហា នឹងជំនួសសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក សុខ ចិន្តាសោភា នឹងជំនួសលោក ប្រាក់ សុខុន នៃរដ្ឋមន្ត្រីក្រសួងការបរទេស, លោក វង្ស៊ី វិសុទ្ធ នឹងជំនួសកិត្តិនីតិកោសល្យបណ្ឌិត ប៊ិន ឈិន, លោក សាយ សំអាល់ ជំនួសលោក ជា សុផារ៉ា នៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់, លោក អៀង សុផល្លែត នឹងជំនួសតំណែងរដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក នេត្រ ភក្ត្រា ជំនួសលោក ខៀវ កាញារីទ្ធ នៃក្រសួងព័ត៌មាន, លោក ហេង សួរ ជំនួសលោក អ៊ិត សំហេង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ហួត ហាក់ ជំនួសសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៃរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា, លោក ប៉េង ពនា ជំនួសលោក ស៊ុន ចាន់ថុល នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋមន្ត្រីវ័យក្មេងជាច្រើនទៀត ដែលសុទ្ធសឹងជាយុវជនវ័យក្មេងនិងមានសមត្ថភាព។

ads banner