DEA ធ្វើលិខិតអរគុណចំពោះសមត្ថកិច្ចកម្ពុជាបង្ក្រាបគ្រឿងញៀន (Video Inside)

ការបង្ក្រាបបទល្មើសគ្រឿងញៀនជាមួយនឹងការចាប់បានជនសង្ស័យជាមេខ្លោង រួមនឹងគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់វេលាថ្មីៗ ចុងក្រោយនេះ បានជំរុញឱ្យទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក DEA ប្រចាំនៅរាជភ្នំពេញ ចេញលិខិតថ្លែងអំណរគុណ ដល់មន្ត្រីអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនកម្ពុជា។

លិខិតទីភ្នាក់ងារ DEA បានសរសេរថ្លែងអំណរគុណដល់មន្ត្រីអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនកម្ពុជា ជាពិសេសការដឹកនាំដ៏ឈ្លាសវៃរបស់នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន។

លិខិតថ្លែងអំណរគុណនេះ គឺនៅបន្ទាប់ពីកម្លាំងសមត្ថកិច្ច បានបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំមួយចំនួន ដូចជានៅតាមច្រកប្រៃសណីយ៍, នៅអាកាសយានដ្ឋានអន្តរជាតិ និងថ្មីៗនេះ បានបង្ក្រាបក្រុមឧក្រិដ្ឋជនមេក្លោង មានអង្គការចាត់តាំង ដែលរៀបចំការដឹកជញ្ជូនគ្រឿងញៀនប្រភេទកេតាមីន ឆ្លងដែនតាមលំហរសមុទ្រទៅប្រទេសទី៣។

លិខិតរបស់ភ្នាក់ DEA ថ្ងៃទី១៤សីហា ជូនចំពោះនាយសន្តិបណ្ឌិត នេត សាវឿន បានសរសេរកោតសរសើរនូវ «កិច្ចប្រឹងប្រែងដែលលេចធ្លោ និងទទួលបានជោគជ័យ ក្នុងប្រតិបត្តិការថ្មីៗ ក្នុងខេត្តព្រះសីហនុ និងក្នុងរាជធានីភ្នំពេញ ដែលប្រតិបត្តិការទាំងនោះ បានចាប់គ្រឿងញៀនប្រមាណជិត៨០០គីឡូក្រាមគិតជាទឹកប្រាក់ប្រមាណជាង ៥០លានដុល្លារអាមេរិក»។ លិខិតដដែលបានបញ្ជាក់ថា «នេះគឺជាភស្ថុតាងនៃភាពស្វិតស្វាញ, ភាពជំនាញ និងការប្តេជ្ញា របស់អនុវត្តច្បាប់របស់យើង»។

មន្ត្រីកម្ពុជាបានថ្លែងថាលិខិតថ្លែងអំណរគុណរបស់ទីភ្នាក់ងារ DEA គឺជាលិខិតបង្ហាញការកោតសរសើរជាលើកទី៣ហើយ និងជាលិខិតដែលបង្ហាញពីកិច្ចសហប្រតិបត្តិការល្អ រវាងស្ថាប័នទាំងពីរ DEA របស់សហរដ្ឋអាមេរិក និងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជា។

ads banner