ខេត្តកែបជាខេត្តទី៦ ប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (Video Inside)
ខេត្តកែប គឺជាខេត្តទី៦ដែលត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ នៃខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅក្នុងពិធីមួយនាថ្ងៃទី១៥ សីហា ឆ្នាំ២០២៣។
ពិធីប្រកាសទទួលស្គាល់ជាផ្លូវការខេត្តកែប ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ បានធ្វើនៅសាលប្រជុំសាលាខេត្តកែប ក្រោមអធិបតីភាពរដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន។
យោងតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទសម្រាប់ឆ្នាំ២០១៩ ដល់២០២៣ គេបានជ្រើសខេត្តចំនួន៦ គឺខេត្តស្វាយរៀង, ខេត្តកំពង់ស្ពឺ, ខេត្តព្រៃវែង, ខេត្តកំពង់ឆ្នាំង, ខេត្តព្រៃវែង និងខេត្តកែប ដើម្បីក្លាយជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។
រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងក្នុងពិធីថ្ងៃទី១៥សីហាថា «ខេត្តកែប គឺជាខេត្តទី៦ហើយ ដែលត្រូវបានទទួលស្គាល់ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ស្របទៅតាមផែនការយុទ្ធសាស្រ្ដជាតិ, ផែនការសកម្មភាពជាតិ និងផែនការសកម្មភាពខេត្ត»។
លោករដ្ឋមន្ត្រី បានណែនាំដល់អភិបាលខេត្ត ត្រូវខិតខំបន្តធ្វើយ៉ាងណាកុំឱ្យការបន្ទោបង់ពាសវាលពាសកាលនេះ បន្តត្រឡប់មកវិញ និងបន្តចុះជំរុញដល់ប្រជាពលរដ្ឋពីផលប៉ះពាល់នៃការបន្ទោបង់ពាសវាលពាសកាល ឱ្យញឹកញាប់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។