វិទ្យាល័យព្រះមហាក្សត្រីកុសុមៈក្នុងខេត្តក្រចេះបន្តបិទ (Video Inside)

វិទ្យាល័យព្រះមហាក្សត្រីកុសុមៈ នៃខេត្តក្រចេះ នៅមិនទាន់បើកដំណើរការចូលរៀនវិញនៅឡើយទេ បន្ទាប់ពីបានផ្អាកការសិក្សាជាបណ្តោះអាសន្ន ក្រោយមានការរកឃើញថានៅ មានគ្រាប់មិនទាន់ផ្ទុះកប់ក្នុងបរិវេណសាលានោះ។

ការរកឃើញគ្រាប់ទាំងនេះ គឺនៅបន្ទាប់ពីសាលា ត្រូវបានជួសជុលអាគារ និងចាក់សាបសាឡើងវិញកាលពីថ្ងៃទី១១សីហា ដែលនាពេលនោះក្រុមជាងបានប្រទះឃើញគ្រាប់ទាំងនេះកប់នៅក្នុងដី។

អគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលទីតាំងដែលមានគ្រាប់មិនទាន់ផ្ទុះទាំងនោះ និងលោកបានជំរុញការពន្លឿន ដើម្បីកុំឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សយូរពេក។

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានថ្លែងថារវាងពីថ្ងៃទី១១ សីហាដល់១៣សីហា, គេបានរកឃើញគ្រាប់មិនទាន់ផ្ទុះមានចំនួន ២ពាន់ ១១៦គ្រាប់ នៅក្នុងបរិវេណសាលា ដែលស្ថិតក្នុងសង្កាត់ក្រុងក្រចេះនោះ។

គ្រាប់មិនទាន់ផ្ទុះទាំងនោះ គឺជាគ្រាប់ដែលសេសសល់ពីអតីតសម័យសង្គ្រាម។ គ្រាប់ដែលរកឃើញទាំងនោះ រួមមានប្រភេទគ្រាប់ M 79 ចំនួន ២ពាន់៣៣គ្រាប់, គ្រាប់ដេកា៧៥ ចំនួន៦៣គ្រាប់, គ្រាប់កិបអឹម៤៨ ចំនួន១៨គ្រាប់, គ្រាប់បេ៤០មួយគ្រាប់ និងគ្រាប់ហាស់107 ចំនួន១គ្រាប់។

យោងតាមរបាយការណ៍របស់ស៊ីម៉ាក, ចាប់ពីឆ្នាំ១៩៧០ ដល់ខែតុលា ឆ្នាំ២០២២ ចំនួនអ្នកស្លាប់ដោយសារជាន់គ្រាប់មីន និងគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ មានចំនួន ជិត២ម៉ឺននាក់ រងរបួសជាង ៤ម៉ឺន ៥ពាន់នាក់។

ads banner