រកឃើញគ្រាប់មីន Type 72B នៅក្រោយសាលារៀនក្នុងខេត្តបាត់ដំបង (Video Inside)
អត្ថបទដោយ៖
Apsara Net
គ្រាប់មីនមួយគ្រាប់ប្រភេទ 72B ត្រូវបានរកឃើញនៅក្រោយសាលារៀនមួយ ដែលស្ថិតក្នុងខេត្តបាត់ដំបងនៅថ្ងៃទី១៦សីហានេះ។
យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ គ្រាប់មីន មួយគ្រាប់នោះ ត្រូវបានគ្រូបង្រៀនម្នាក់រកឃើញនៅក្រោយសាលារៀន «អារ៉ី» ក្នុងភូមិតានួត ឃុំព្រះផុស នៃស្រុកគាស់ក្រឡ។
ស្រុកគាស់ក្រឡនៃខេត្តបាត់ដំបង គឺជាអតីតសមរភូមិដ៏ក្តៅមួយ ក្នុងសម័យសង្គ្រាមស៊ីវិលពីអតីតកាល។ គ្រាប់មីនប្រភេទ 72B គឺជាគ្រាប់មីនម្យ៉ាង ដែលក្នុងសម័យសង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា ត្រូវគេរាយការណ៍ថា បានធ្វើឱ្យមនុស្សជាច្រើន រងការដាច់ជើងនៅពេលបានដើរជាន់មីនបង្កប់នោះ។
គ្រាប់មីនប្រភេទ 72B ផលិតដោយប្រទេសចិន ត្រូវគេឃើញប្រើប្រាស់ក្នុងសង្គ្រាមនៅប្រទេសអាប់កានីស្ថាន, ប្រទេសគុយវ៉ែត, អ៊ីរ៉ាក់, អេរីទ្រៀ, គៀឌីស្តង់, លីបង់, ម៉ូហ្សំប៊ីក, ណាមីប៊ី, ប៉េរូ, អង់ហ្គោឡា, សូម៉ាលី, ស្រីលង្កា, ស៊ូដង់ និងក្នុងប្រទេសថៃផងដែរ។