២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥០ករណី (Video Inside)
តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសអាស៊ានបានបន្តធ្លាក់ចុះ ខណៈការឆ្លងរយៈពេល២៤ ម៉ោងចុងក្រោយនេះ មានចំនួនតែ ៥០ករណីប៉ុណ្ណោះ។ ប្រទេសកម្ពុជាមិនមានការឆ្លងថ្មីទេថ្ងៃនេះ។ បើប្រៀបធៀបនឹងម្សិលមិញ, ការឆ្លងក្នុងអាស៊ានថ្ងៃនេះថយចុះ ៨៨ករណី។
ក្នុងរយៈ ពេល ២៤ម៉ោងកន្លងមកនេះ ការឆ្លងបានកើតលើប្រទេសចំនួនតែ ៣ប៉ុណ្ណោះ រួមមានប្រទេសវៀតណាម, ឡាវ និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៣៨ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានការឆ្លងចំនួន ៤ករណី។ ប្រទេសសឹង្ហបុរី, ថៃ, ម៉ាឡេស៊ី, កម្ពុជា, ប្រុយណេ, ហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្នុងប្រទេសអាស៊ាន រយៈពេល ២៤ម៉ោងចុងកន្លងមកនេះ មានអ្នកស្លាប់ម្នាក់ដោយសារកូវីដ ១៩ ដែលជាពលរដ្ឋ នៃប្រទេសមីយ៉ាន់ម៉ា។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេល នេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៣ម៉ឺន ៣ពាន់ ១៤៥ករណី, និងការស្លាប់សរុបមាន ចំនួន ៣៦ម៉ឺន ៨ពាន់ នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូ វីដ១៩ សរុបមាន ចំនួនជាង ៦៩៣លានករណី, និងការស្លាប់មានជាង ៦លាន ៩០ម៉ឺននាក់៕