ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី៨ ត្រូវបានប្រគល់ជូនដល់អ្នកដែលជោគជ័យនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា

(ភ្នំពេញ)៖ PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសអ្នកឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី៨ ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុន CBRE Cambodia, Dewan Architects and Engineers, និង SALTO Systems ។ ក្រុមហ៊ុន OCIC GROUP AND SIHA PROPERTY CO., LTD ទទួលបានពានលំដាប់ឈានមុខគេ ក្នុងការប្រគល់ពានរង្វាន់ប្រចាំឆ្នាំ ២០២៣ ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងគម្រោងអចលនទ្រព្យមកពីគ្រប់ទិសទី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកួតប្រជែងដណ្តើមពានរង្វាន់កិត្តិយស ដែលត្រូវបានប្រកាសនាថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រារព្វកម្មវិធីនៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ។

លោក Jules Kay អ្នកគ្រប់គ្រងទូទៅកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru ប្រចាំទ្វីបអាស៊ី បានមានប្រសាសន៍ថា ពានរង្វាន់នៅឆ្នាំនេះគឺបន្តអបអរសាទរភាពជោគជ័យនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ជាមួយនឹងការកើនឡើងនៃចំណាប់អារម្មណ៍ពីអ្នកទិញក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិលើលំនៅដ្ឋាន និងការអភិវឌ្ឍន៍ប្រកបដោយគុណភាព ហើយកម្ពុជានៅតែបន្តជាទីផ្សារដ៏សំខាន់ និងគួរឱ្យចាប់អារម្មណ៍បំផុតមួយក្នុងតំបន់ ។

លោក Jeremy Williams នាយកគ្រប់គ្រងទីផ្សារនៃ PropertyGuru Group បានថ្លែងថា៖ « សូមអបអរសាទរដល់អ្នកឈ្នះពានរង្វាន់នៅកម្ពុជាក្នុងឆ្នាំនេះ សម្រាប់ការបង្កើតការអភិវឌ្ឍន៍លំនៅដ្ឋាន និងពាណិជ្ជកម្មដែលមានកម្រិតខ្ពស់ ។ អចលនទ្រព្យទាំងនេះមានសក្តានុពលខ្លាំងក្នុងការរួមចំណែកដល់វឌ្ឍនភាពសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា គាំទ្រដោយទីផ្សារអចលនទ្រព្យក្នុងស្រុកដែលមានភាពធន់ ។

សូមបញ្ជាក់ថា ពានរង្វាន់អចលនទ្រព្យ PROPERTY GURU ប្រចាំទ្វីបអាស៊ី
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ គឺជាកម្មវិធីពានរង្វាន់អចលនទ្រព្យផ្តាច់មុខ និងដ៏មានកិត្យានុភាពបំផុតមួយក្នុងតំបន់។ ពានរង្វាន់អចលនទ្រព្យប្រចាំទ្វីបអាស៊ី ត្រូវបានទទួលស្គាល់ថាជាម៉ាកសញ្ញានៃឧត្តមភាពដ៏អស្ចារ្យបំផុតក្នុងវិស័យអចលនទ្រព្យប្រចាំទ្វីបអាស៊ី ដោយលើកសរសើរចំពោះក្រុមអ្នកជំនាញឯករាជ្យក្នុងវិស័យឧស្សាហកម្ម និងក្រុមត្រួតពិនិត្យដ៏គួរឱ្យទុកចិត្ត ពានរង្វាន់នេះមានកេរ្តិ៍ឈ្មោះដ៏អស្ចារ្យបំផុតចំពោះភាពជឿជាក់ ក្រមសីលធម៌ យុត្តិធម៌ត្រឹមត្រូវ និងតម្លាភាព ។

PropertyGuru Asia Property Awards បន្តផ្តល់រង្វាន់ដល់ការងារដែលមានកម្រិតខ្ពស់នៅក្នុងឧស្សាហកម្មនេះ ដោយរួមបញ្ចូលការអភិវឌ្ឍន៍អចលនទ្រព្យ សំណង់ ស្ថាបត្យកម្ម ការរចនាប្លង់ខាងក្នុង និងការអនុវត្តអគារប្រកបដោយចីរភាព។ ការប្រគល់ពានរង្វាន់នេះដំបូងគ្របដណ្តប់តែតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះបានពង្រីកដើម្បីរួមបញ្ចូលទីផ្សារអចលនទ្រព្យក្នុងតំបន់ រួមមានអូស្ត្រាលី ចិន ឥណ្ឌា និង Greater Niseko នៅ ប្រទេសជប៉ុន ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner