រដ្ឋសភា នីតិកាលទី៧ ប្រារព្ធពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ព្រឹក រដ្ឋសភានីតិកាលទី៧ បានប្រារព្ធ ពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងពិធីដ៏មហាឡោរឹក និងជាប្រវត្តិសាស្ត្រនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានអញ្ជើញចូលរួមជាកិត្តិយសផងដែរ ។
បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូង សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងផ្ដើមការងារក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ អនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី ៧ ។
ចំណែកនៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង ៨ព្រឹក សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងបន្តដើម្បីធ្វើការបោះឆ្នោតជ្រើសតាំង ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តី ទុកចិត្តចំពោះរាជរដ្ឋាភិបាល។
បើតាមរយៈសារសម្លេងកាលពីយប់ថ្ងៃទី៩ ខែសីហា នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ” លោកជំទាវ ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី២ នៃរដ្ឋសភា នឹងក្លាយទៅជាប្រធានរដ្ឋសភានាពេលខាងមុខដែលជាការអនុវត្តលើកកម្ពស់តួនាទីរបស់ស្ត្រី។ ឯកឧត្តម ជាម យៀប អនុប្រធានទី១ នៅតែជាអនុប្រធានទី១ ដដែល និងឯកឧត្តម វង សូត ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នឹងក្លាយជាអនុប្រធានទី២ នៃរដ្ឋសភា”។
