រាជរដ្ឋាភិបាលកម្ពុជា​ នឹង​​អនុវត្តបន្ថែម​នូវកម្មវិធីជំនួយសង្គមថ្មីៗមួយចំនួនទៀត ក្នុង​ឆ្នាំ ២០២៤ ខាងមុខ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គមឯកឧត្តម សំហេង បុរស រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី  និង ជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម  បាន​លើកឡើងថា សម្រាប់ឆ្នាំ ២០២៤ ខាងមុខនេះដែរ កម្មវិធីមួយចំនួននៃ​មូលនិធិជាតិជំនួយសង្គម​​​ក៏នឹង​ចាប់​ផ្តើមបញ្ចប់ ហើយ​ការ​​អនុ​វត្តនូវ​​កម្មវិធី​ជំនួយ​សង្គម​ថ្មី​ៗ​ផ្សេង​​ទៀតក៏នឹង​ចាប់ផ្តើ​ម​បន្ថែម​​​​។​

ឯកឧត្តម សំហេង បុរស បានប្រាប់អ្នកសារព័ត៌មាន​​ នាសប្តាហ៍​​មុន ដោយ​បានលើកឡើង​ដែរថា ​នៅ​ក្នុង​ឆ្នាំ ២០២៣​នេះ រាជរដ្ឋាភិបាល​បាន​​​​​ចំណយ​ថវិកា​​ប្រមាណជា​​១០ភាគរយនៃ​ថវិកាជាតិ​ ក្នុង​ការ​ជួយ​ទៅដល់​កម្មវិធី​ជំនួយសង្គមនានាទៅដល់​ប្រជាពលរដ្ឋដែល​ងាយរងគ្រោះ ស្រ្តីមានផ្ទៃពោះ កុមារ និង​មន្រ្តីរាជការស៊ីវិលចូលនិវត្ត និងអតីតយុទ្ធជនជាដើម។​

លោកមានប្រសាសន៍ថា ៖ «នៅឆ្នាំ​២០២៤ ខាងមុខនេះ គម្រោងឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាលមួយចំនួននឹង​ត្រូវ​បានបញ្ចប់ ចឹងការអនុវត្ត​នូវការ​ចំណាយ​ថវិកា​ក៏នឹងមាន​ការប្រែប្រួល​ខ្លះ​ដែរ​​ ប៉ុន្តែ​​ទន្ទឹមនឹងនោះយើងក៏នឹង​មាន​ការដាក់ចេញនូវ​គម្រោង​ថ្មីៗ​បន្ថែម​ទៀត»។​​

លោកបានបន្តថា ៖ «​ខ្ញុំគិតថាគម្រោង​ដែល​នឹង​ត្រូវ​អនុវត្ត​សម្រាប់​ប្រជាជនយើងគឺ​យើងបាន​ដឹងខ្លះហើយ​ដោយ​សម្តេច​ធ្លាប់បានប្រកាសរួចហើយ ក្នុងនោះមាន​កម្មវិធី​​​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​យុវជនក្រីក្រប្រមាណ ១,៥លាននាក់​ ដែលនេះជាគម្រោងថ្មីមួយ​ ហើយនឹង​អនុវត្តដោយក្រសួងការងារ​​​»។

មួយ​វិញទៀតឯកឧត្តម សំហេង បុរស ​ក៏បាន​បញ្ជាក់ដែរថា ក្នុង​នោះ​ក៏អាចនឹង​មាន​កម្មវិធី​មួយថ្មីទៀតគឺកម្មវិធី​កញ្ចប់គ្រួសារ ដែលអាចនឹងដាក់បញ្ចូលក្នុង​មូលនិធិជាតិជំនួយសង្គម​ផងដែរ​ ដោយ​មកដល់ពេលនេះ​ការរៀបចំត្រៀមនូវយុទ្ធសាស្រ្តថ្មី​របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺ​លោកបាន​ដាក់​បញ្ជាជា​បឋម​តាមយុទ្ធសាស្រ្ត​​នោះ ដោយ​លោក​បានរក្សា​នូវ​​​​គម្រោង​ដើម​ស្ទើរតែទាំងអស់។

ឯកឧត្តម សំហេង បុរស បានបញ្ជាក់ថា ៖ «លើសពីនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បាន​ដាក់​ចេញ​បន្ថែមទៀត​នូវនីតិវិធីមួយចំនួន​ដែល​លោកបានកំណត់ គឺនឹងមានការអនុវត្ត​បន្ថែម​ទៀត​។ ដូចនេះ កិច្ច​ការ​របស់​មូលនិធិជំនួយសង្គម​នេះនឹងក្លាយទៅជា​អង្គស្ថាប័នស្នូលមួយ​ដើម្បីអនុវត្តនូវ​យុទ្ធសាស្រ្ត​ថ្មី​របស់​រដ្ឋាភិបាលដែល​នឹង​ចាប់​បដិសន្និនៅពេលថ្មីៗខាងមុខនេះ​»។

ទាក់ទង​នឹង​ការបញ្ចប់ និង​ការ​អនុវត្ត​នូវ​កម្មវិធី​ឧបត្ថម្ភ​ថ្មីៗបន្ថែមទៀត ឯកឧត្តម សំហេង បុរស​ មិនទាន់អាច​បញ្ជា​ក់​លំអិត​បាននោះ​ទេ​ថាតើ​ជាកម្មវិធីអី្វនោះនៅឡើយទេ​៕

បើតាម​ឯកឧត្តម សំហេង បុរស មូលនិធិជាតិជំនួយសង្គម ជាស្ថាប័នថ្មីទើបបង្កើតឡើង ដែលមានភារកិច្ចពិ​សេសក្នុងការ​អនុវត្តកម្មវិធី​ជំនួ​យសង្គមនានា ​ក៏ដូចជាការបើកផ្ដល់ប្រាក់សោធនជូនមន្រ្តីរាជការស៊ីវិលចូ​លនិវត្ត ​និង​​អតីតយុទ្ធជនទូទាំងប្រទេសផងដែរ​។

កម្មវិធីជំនួយសង្គម ដែលបាននឹងកំពុងអនុវត្ត​មានដូចជា៖​ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ ​និង​កុមារ​អាយុ​ក្រោម​ពីរឆ្នាំ ​ជា​កម្មវិធីអចិន្ត្រៃយ៍,​ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ​និងងាយរងគ្រោះកំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ១៩ ​ដែល​ជាកម្មវិធីមិនអចិន្ត្រៃយ៍ និង​កម្មវិធី​ឧបត្ថម្ភ​​ផ្សេងៗទៀត។

សូមបញ្ជាក់ដែរថា «​កម្មវិធី​កញ្ចប់​គ្រួសារ​» ​គឺជា​កម្មវិធី​មាន​លក្ខណៈ​អចិន្រៃ្តយ៍​សម្រាប់​ឧបត្ថម្ភ​ជា​សា​ច់ប្រាក់​រៀងរាល់​ខែ​ជូន​គ្រួសារ​ក្រីក្រ​តាម​ប្រភេទ​នៃ​មុខសញ្ញា​ចំនួន​ ៥ រួមមាន ស្រី្ត​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ​ ២ ​ឆ្នាំ ​ជន​មាន​ពិការភាព មនុស្ស​ចាស់​ចាប់ពី​អាយុ​ ៦០ ​ឆ្នាំ​ឡើងទៅ អ្នក​ផ្ទុកមេរោគ​អេដស៍ និង​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​ចាប់ពី​ថ្នាក់​ទី ​១ ដល់​ថ្នាក់​ទី​ ១២​៕ដោយ៖ជា សុខនី

ads banner