GDP នៅត្រីមាសទីពីររបស់ថៃ កើនឡើងទាបជាងការព្យាករណ៍
បាងកក៖ ទិន្នន័យបានបង្ហាញឱ្យដឹងនៅថ្ងៃទី២១ ខែសីហានេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃបានស្ទុះឡើងយឺតជាងការរំពឹងទុក នៅក្នុងត្រីមាសទីពីរ បើទោះបីជាភាពរឹងមាំនៃវិស័យទេសចរណ៍ បានជួយទប់ទល់នឹងការនាំចេញដែលទន់ខ្សោយ ចំពេលតម្រូវការពិភពលោកធ្លាក់ចុះ។
រដ្ឋាភិបាលថៃបានកាត់បន្ថយការព្យាករណ៍ពីកំណើនផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២៣ មកនៅត្រឹម ២.៥ភាគរយ ទៅ ៣ភាគរយ ដែលពីមុន នៅចន្លោះពី ២.៧ភាគរយ ទៅ ៣.៧ភាគរយ ដោយលើកឡើងពីការនាំចេញទន់ខ្សោយ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បាននិយាយថា សេដ្ឋកិច្ចប្រទេសធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើង ១.៨ភាគរយក្នុងរយៈពេលពីខែមេសា ដល់ខែមិថុនា បើធៀបនឹងឆ្នាំមុន ពោលគឺទាបជាងការព្យាករណ៍ ៣.១ភាគរយ ដែលត្រូវបានរំពឹងទុកដោយអ្នកសេដ្ឋកិច្ចនៅក្នុងការស្ទង់មតិរបស់កាសែតរ៉យទ័រ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បានរក្សាការព្យាករណ៍នៃការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន ២៨លាននាក់នៅឆ្នាំ២០២៣នេះ។ ក្រុមប្រឹក្សា NESDC ក៏បានព្យាករណ៍ដែរថា ការនាំចេញនឹងធ្លាក់ចុះ ១.៨ភាគរយក្នុងឆ្នាំ២០២៣។
ការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចប្រទេសថៃ បានថមថយចាប់តាំងពីខែតុលា ឆ្នាំ២០២២ ដោយសារតែតម្រូវការពិភពលោកទន់ខ្សោយ ជាពិសេសការធ្លាក់ចុះតម្រូវការនៅចិន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ថៃ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា