ព្រះមហាក្សត្រ និងសម្តេចម៉ែ បានធ្វើព្រះរាជសារអបអរសាទរបណ្ឌិត ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលថ្មី (Video Inside)

ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ បានធ្វើព្រះរាជសារផ្សេងដាច់ដោយឡែក ក្នុងការអបអរសាទរចំពោះបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលបានការបោះឆ្នោតទុកចិត្តពីរដ្ឋសភា ក្នុងការដឹកនាំរាជរដ្ឋាភិបាលថ្មី ក្នុងអាណ្ណត្តិទី៧ របស់រដ្ឋសភា។

សារព្រះមហាក្សត្រខ្មែរថ្ងៃទី២២សីហា បានសរសេរថា «ខ្ញុំមានហឫទ័យសោមនស្សរីករាយឥតឧបមា សូមចូលរួមអបអរសាទរ ចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានរដ្ឋសភានីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឥស្សរជនជាតិជាសមាជិក សមាជិកា រាជរដ្ឋាភិបាល ដើម្បីដឹកនាំកសាងប្រទេសជាតិបន្តទៅទៀត តាមមាគ៌ាដ៏ខ្ពង់ខ្ពស់ និងដ៏ថ្លៃថ្លាបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។

ព្រះរាជសារ បានកោតសរសើរ និងបង្ហាញក្តី «ជឿជាក់យ៉ាងមុតមាំថា ក្នុងអាណ្ណត្តិទី៧ ជាបន្តទៅទៀតនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត…» និងឥស្សរជនក្នុងជួររាជរដ្ឋាភិបាល «នឹងបន្តដឹកនាំប្រទេសឱ្យទទួលបាននូវមហាជោគជ័យបន្ថែមទៀត លើបេសកកម្មដ៏ឧត្តុងឧត្តម និងបន្តថែរក្សាស្ថិរភាព នយោបាយ សុខសន្តិភាព ដើម្បីជាឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង»។

ដោយឡែកសាររបស់សម្តេចព្រះមហាក្សត្រីព្រះវររាជមាតានរោត្តមមុនិនាថ សីហនុ បានមានព្រះរាជបន្ទូលសម្តែងក្តីសោមនស្សរីករាយ និងចូលរួមអបអរសាទរចំពោះបណ្ឌិត ហ៊ុន ម៉ាណែត និងសារបានសរសេរ «ប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត…» និងឥស្សរជនជាសមាជិក ក្នុងរាជរដ្ឋាភិបាលថ្មី «សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ»។

ads banner