សម្តេចតេជោត្រូវបានព្រះមហាក្សត្រតែងតាំងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញភាពចាកចេញពីតំណែងនាយករដ្ឋមន្ត្រី ប៉ុន្តែសម្តេចបានថ្លែងថា សម្តេចនៅមិនទាន់លាលែងពីអាជីពនយោបាយឡើយ។ សម្តេចតេជោត្រូវបានព្រះមហាក្សត្រនៅថ្ងៃទី២២សីហានេះ បានតែងតាំងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ ដែលការតែងតាំងនេះ គឺនៅបន្ទាប់ពីសុពលភាពនាយករដ្ឋមន្ត្រីបានបញ្ចប់។
យោងតាមព្រះរាជក្រឹត្យ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ មានឋានៈស្មើនឹងនាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទកាសែតមួយនាថ្ងៃទី២២សីហា បានថ្លែងថាចាប់ពីថ្ងៃទី២២សីហានោះទៅ សម្តេចគឺជាឳពុកនាយករដ្ឋមន្ត្រី។
សម្តេចតេជោ គឺជានាយករដ្ឋមន្ត្រី ដែលកាន់អំណាចវែងជាងគេបំផុតលើសកលលោក។ សម្តេចតេជោគិតចាប់តាំងពីខែមករា ឆ្នាំ១៩៨៥ បានកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ គិតត្រឹមថ្ងៃទី២២សីហា ដែលជាថ្ងៃចុងក្រោយនេះ។
ក្រុមធ្វើនយោបាយជ្រុលនិយម បើទោះបីជាប្រើប្រាស់ឧបាយកលទុច្ចរិតយ៉ាងណាក៏ដោយ ត្រូវគេឃើញថាមិនអាចយកឈ្នះមកលើសម្តេចតេជោ ហ៊ុន សែន បានឡើយក្នុងពេលដែលលោកបានកាន់អំណាចជានាយករដ្ឋមន្ត្រី។
ប៉ុន្តែក្នុងពេលដែលកម្ពុជាមានរាជរដ្ឋាភិបាលថ្មីដឹកនាំដោយ«កិត្តិទេសាភិបាលបណ្ឌិត» ហ៊ុន ម៉ាណែត ក្នុងអាណ្ណត្តិថ្មីនេះទៀត, ក្រុមជ្រុលនិយមនៅតែចិញ្ចឹមគំនិតបន្តភាពឈ្នានីស មិនព្រមលែងដៃចោលឡើយ។ សម្តេចតេជោបានថ្លែងក្នុងសន្និសីទកាសែតថ្ងៃនេះបញ្ជាក់ថា សម្តេចនៅតែមិនទាន់ចាកចេញពីរង្វង់ឆាកនយោបាយទេ។
សម្តេចតេជោបានថ្លែងបញ្ជាក់មុននេះនូវគម្រោងបន្តទៅមុខទៀត ដោយសម្តេចនឹងគ្រោងឈរឈ្មោះជាសមាជិកព្រឹទ្ធសភា ដែលក្នុងទិសដៅអនាគត នឹងក្លាយជាប្រធានព្រឹទ្ធសភា ជំនួសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលនឹងចូលសម្រាក។ គួរបញ្ជាក់ថា ការបោះឆ្នោតព្រឹទ្ធសភា នឹងមាននៅប្រព្រឹត្តទៅនៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៤។