សម្តេចតេជោ ហ៊ុន សែន អបអរសាទរដំណើរវិលត្រឡប់របស់លោក ថាក់ស៊ីន ចូលក្នុងប្រទេសថៃ (Video Inside)
ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជូនពរ និងអបអរសាទរចំពោះលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបានវិលត្រឡប់ទៅកាន់មាតុភូមិវិញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ លោក ថាក់ស៊ីន បានចាកចេញពីប្រទេសថៃ ក្នុងឆ្នាំ២០០៨ ដោយសារការកាត់ទោសពាក់ព័ន្ធនឹងអំពើពុករលួយ។
សេចក្តីរាយការណ៍បានបង្ហាញថានៅពេលដែលលោកបានអញ្ជើញមកដល់ប្រទេសថៃ ថ្ងៃអង្គារ៍នោះ, តុលាការកំពូលរបស់ថៃ បានកាត់ទោសឱ្យរូបលោក ថាក់ស៊ីន ត្រូវជាប់គុកចំនួន ៨ ឆ្នាំ។
មិនមានសេចក្តីរាយការណ៍បញ្ជាក់ច្បាស់លាស់ថា តើលោកនឹងត្រូវបំរើទោសតាមការកាត់ដែរឬយ៉ាងណានោះឡើយ។ លោក ថាក់ស៊ីន អាយុ៧៤ឆ្នាំ គឺជាបងប្អូនធម៌របស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន តាមរយៈសារក្នុងបណ្តាញសង្គមបានសរសេរថា៖ «ខ្ញុំបានទទួលដំណឹងដ៏រីករាយថា បងប្រុសរបស់ខ្ញុំ ឯកឧត្តម ថាក់ស៊ីន ស្ហ៊ីណាវ៉ាត្រា បានវិលត្រឡប់ទៅកាន់ប្រទេសថៃវិញ ប្រកបដោយសុវត្តិភាព និងបានជួបជុំក្រុមគ្រួសារ ពិសេសចៅៗ ដែលគាត់នឹកខ្លាំងជាងគេ»។ សម្តេចតេជោបានសរសេរទៀតថាសូម« ជូនពរបងប្រុស មានសុខភាពល្អ»។