ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដឹកនាំសមាជិកសមាជិកា រាជរដ្ឋាភិបាល អាណត្តិទី៧ ធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំង
ភ្នំពេញ៖ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសមាជិក-សមាជិកា នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ធ្វើសច្ចាប្រណិធាន នៅក្នុងព្រះបរមរាជវាំង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។
ពិធីសច្ចាប្រណិតធាន ត្រូវបានធ្វើឡើង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ។
សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យមួយ តែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមាន ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។
ការចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីថ្មីនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងទៅលើសមាសភាពគណៈរដ្ឋមន្រ្តី ដែលរៀបចំដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ។
សភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន ១០រូប មានទេសរដ្ឋមន្រ្តីចំនួន ២១រូប និងរដ្ឋមន្ត្រីប្រមាណ ៤០ក្រសួង-ស្ថាប័ន ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា ៕ដោយ ៖ វណ្ណលុក







