កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ITF Asian 14U Junior Championships ឆ្នាំ២០២៣នៅដើមខែកញ្ញា
(ភ្នំពេញ)៖ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោក ទេព រិទ្ធីវិទ្ធ បានថ្លែងប្រាប់ ទូរទស្សន៍អប្សរា នាព្រឹកថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៣នេះថា បន្ទាប់ពីទទួលបានជោគជ័យរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ត្រូវបានសហព័ន្ធកីឡាវាយ កូនបាល់អន្តរជាតិ(ITF)និងសហព័ន្ធកីឡាវាយកូនបាល់អាស៊ី(ATF)ផ្តល់សិទ្ធិឲ្យទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយកូនបាល់ ITF Asian 14U Junior Championships ឆ្នាំ២០២៣ នៅខែ កញ្ញាខាងមុននេះ។

អគ្គលេខាធិការ ខាងលើ បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍វាយកូនបាល់ដ៏មានកេត្យានុភាពនេះ ស្វាគមន៍កីឡាករកីឡាការិនីឆ្នើមពីអាស៊ីក្រោមអាយុ១៤ឆ្នាំ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរកតេជោ។ លោកថា សម្រាប់ព្រឹត្តិការណ៍អន្តរជាតិដែលយើងទទួលធ្វើជាម្ចាស់ផ្ទះនេះ វាជាកិត្តិយស និងឯកសិទ្ធិដ៏ខ្ពស់ដែលកម្ពុជាទទួលបានឱកាស ដើម្បីបង្ហាញពីកម្រិតប្រកួតប្រជែងខ្ពស់បំផុតនៃកីឡាវាយកូនបាល់ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីទាំងមូល។ ជាមួយគ្នានេះសម្រាប់ព្រឹត្តិការណ៍អន្តរជាតិនេះ កម្ពុជាត្រូវបានផ្តល់សិទ្ធិWildcards ដើម្បីផ្តល់ឱកាសកីឡាករ២នាក់ ក្នុងប្រទេសល្អបំផុត ដើម្បីតំណាងឲ្យប្រទេសម្ចាស់ផ្ទះផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ITF Asian 14U Junior Championships ឆ្នាំ២០២៣ នឹងដំណើរការប្រកួតចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡាវាយកូនបាល់ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានកីឡាករកីឡាការិនីក្រោមអាយុ១៤ចំរាញ់ដោយសហព័ន្ធកីឡាវាយកូនបាល់អាស៊ីចូលរួមចំនួន១០ប្រទេសសរុប៤៨រួមទាំងកម្ពុជាម្ចាស់ផ្ទះ៕


រូបភាព ងីម ដៃហួត អត្ថបទ ជាវ ចន្ធូ