ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងនាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់ជាអគ្គស្នងការនគរបាលជាតិ ជំនួសឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងតែងតាំងមុខតំណែងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។

សូមរម្លឹកថា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត នាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ១៥៧២២ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៨/១០៨០ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០០៨ និងទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៥/១០៤៦ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥។ ឯកឧត្តម ស ថេត ត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ កាលពីខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីត្រូវបានផ្ទេរភារកិច្ចពីស្នងការនគរបាលខេត្តបាត់ដំបង។

ឯកឧត្តម ស ថេត ត្រូវបានតែងតាំងជាស្នងការនគរបាលរាជធានីភ្នំពេញ ជំនួសឯកឧត្តម ជួន សុវណ្ណ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។ ខណៈអតីតស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវតែងតាំងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានឋានៈស្មើរដ្ឋមន្ត្រី ជំនួសលោក កៅ ខុនដារ៉ា ដែលត្រូវទទួលភារកិច្ចថ្មីវិញជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕

ads banner