ស្ដ្រីនៅថ្នាក់ក្រោមជាតិក្នុងក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប បានទទួលវគ្គបណ្ដុះបណ្ដាលជំនាញភាពជាអ្នកដឹកនាំ
សៀមរាប៖ អង្គការ GIZ និងមន្ត្រីរដ្ឋាភិបាល បានសហការគ្នារៀបចំវគ្គបណ្ដុះបណ្ដាលបង្កើនសមត្ថភាពយេនឌ័រ និងអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំទៅដល់ស្រ្តីនៅថ្នាក់ក្រោមជាតិ ដែលជាក្រុមប្រឹក្សាក្រុង-ស្រុក ក្នុងខេត្តសៀមរាប ដើម្បីបង្កើនចំណេះដឹងអំពីគោលនយោបាយឌីជីថល និងជំនាញភាពជាអ្នកដឹកនាំ។

យោងតាមរដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី២២ ខែសីហាបានឱ្យដឹងថា ក្នុងកម្មវិធីធ្វើឱ្យប្រសើរឡើង ដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា «អាយ អែស ឌី» របស់អង្គការ GIZ បានរៀបចំវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពយេនឌ័រ និងអភិវឌ្ឍជំនាញជាអ្នកដឹកនាំដល់ស្រ្តីនៅថ្នាក់ក្រោមជាតិ ដើម្បីបង្កើនចំណេះដឹងជំនាញទាក់ទងនឹងយេនឌ័រ ជំនាញភាពជាអ្នកដឹកនាំ និងការយល់ដឹងអំពីគោលនយោ បាយឌីជីថល ដល់ក្រុមប្រឹក្សាជាស្រ្តីសរុបចំនួន ៣៦នាក់ ក្នុងក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប។

កម្មវិធីនេះ មានការសហការជាមួយអង្គភាពវិភាគនិងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប, សាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ, ក្រសួងកិច្ចការនារី និងវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
តាមរយៈរដ្ឋបាលខេត្ត លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានថ្លែងអំណរគុណដល់អង្គការ GIZ ដែលបានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង ដើម្បីចូលរួមបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួន ក៏ដូចបានចូលរួមចំណែកនៅក្នុងដំណើរការនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅប្រទេសកម្ពុជា ពិសេសនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះតែម្តង។

លោកស្រី យូ សុភា ថ្លែងថា ៖ «យើងមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថាសិក្ខាកាមទាំងអស់ នឹងយកចិត្តទុកដាក់ត្រង់ត្រាប់ និងចូលរួមឱ្យបានផុលផុស ដើម្បីកំណត់បានទាំងចំណុចល្អៗ និងចំណុចខ្វះខាត ដើម្បីកែតម្រូវសំដៅពង្រឹងសមត្ថភាពនិងទស្សនៈវិជ្ជមានរបស់ខ្លួន ពង្រឹងប្រសិទ្ធភាពការងារ ក៏ដូចជាបង្កើនប្រសិទ្ធភាពការផ្តល់សេវាឱ្យកាន់តែប្រសើរឡើង»។

ជាមួយគ្នានេះ លោកស្រីបញ្ជាក់ដែរថា កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅរដ្ឋបាលថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) ការលើកកម្ពស់សមភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌ និងការពង្រឹងភាពអង់អាចដល់ស្រ្តី ជាគោលបំណងដ៏សំខាន់មួយនៃកម្មវិធីជាតិនេះផងដែរ។ ខណៈដែលនៅក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (២០១៦-២០៣០) និងនៅក្នុងយុទ្ធសាស្រ្តនារីរតនៈទី៥ (២០១៩-២០២៣) របស់ក្រសួងកិច្ចការនារី ក៏បានធានាសមភាពយេនឌ័រ និងផ្ដោតសំខាន់ទៅលើភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងវិស័យសាធារណៈ និងនយោបាយផងដែរ។
ជុំវិញរឿងនេះ លោកស្រី អេង ចាន់ឌី នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា បានប្រាប់ឱ្យដឹងថា ក្នុងនាមជាអ្នកធ្វើការដើម្បីលើកកម្ពស់សិទ្ធស្ត្រី លោកស្រីពិតជាសាទរណាស់ ដែលក្រសួងពាក់ព័ន្ធ បានចូលរួមរៀបចំផ្ដល់វគ្គបណ្ដុះបណ្ដាលបង្កើនសមត្ថភាពជំនាញភាពជាអ្នកដឹកនាំទៅកាន់ស្ដ្រីនៅថ្នាក់ក្រោមជាតិ៕ ដោយ៖ ជា សុខនី