រាជរដ្ឋាភិបាលនីតិកាលទី ៧ បានកំណត់នាយករដ្ឋមន្រ្តីស្តីទីចំនួនពីររូប ពេលអវត្តមាននាយករដ្ឋមន្រ្តី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ បានកំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូននាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ដ្រី និងទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដោយក្នុងនោះបានតែងតាំងនាយករដ្ឋមន្រ្តីស្តីទីចំនួនពីររូបនៅពេលអវត្តមាននាយករដ្ឋមន្រ្តី ដើម្បីចាត់ចែងការងារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។

សេចក្តីសម្រេចស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថា ការកំណត់របៀបរបបការងារនេះ សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់រដ្ឋដែលមាន ៩ ប្រការ។

សេចក្តីសម្រេចបានបញ្ជាក់ឱ្យដឹងថា ៖ «នាយករដ្ឋមន្ត្រីទទួលបន្ទុកដឹកនាំការងាររួមរបស់គណៈរដ្ឋមន្ត្រី និងចាត់ចែងបញ្ជារាល់សកម្មភាព របស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ ព្រមទាំងទទួលបន្ទុកដោយឡែកក្នុងទំនាក់ទំនងផ្ទាល់ជាមួយព្រះមហាក្សត្រ សម្រាប់កិច្ចការរបស់រាជរដ្ឋាភិបាល និងការដឹកនាំបញ្ជាផ្ទាល់លើបញ្ជាការដ្ឋានអង្គរក្ស,បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មនិងកងរាជអាវុធហត្ថលើផ្ទៃប្រទេស»។

តាមរយៈសេចក្តីសម្រេចនេះបានកំណត់ឧបនាយករដ្ឋមន្រ្តីចំនួន១០រូប និងទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសចំនួន ២១រូប។

ប្រភពដដែលបានកំណត់ឱ្យឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រីអវត្ដមាន ជួយនាយករដ្ឋមន្ត្រីលើវិស័យសន្តិសុខជាតិ និងសណ្តាប់ធ្នាប់ សាធារណៈ ក្នុងក្របខ័ណ្ឌអន្តរក្រសួង ជួយនាយករដ្ឋមន្ត្រីក្នុងការសម្របសម្រួលដឹកនាំ កម្លាំងគ្រប់ប្រភេទ ដើម្បីការងារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។

ចំណែកឧបនាយករដ្ឋមន្ត្រីឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបន្ទុកជា នាយករដ្ឋមន្ត្រីស្តីទីពេលនាយករដ្ឋមន្ត្រី និងឯកឧត្តម នេត សាវឿន អវត្តមាន ក្នុងការជួយនាយករដ្ឋមន្ត្រីលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានគណៈកម្មការគោលនយោបាយ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។

ចំណែកឧបនាយករដ្ឋមន្ត្រីប្រាំបីរូបទៀតដែលមាន ឯកឧត្តម ស៊ុន ចាន់ថុល ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើការងារទាក់ទាញការវិនិយោគឯកជននិងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាររភិវឌ្ឍន៍កម្ពុជា, ទទួលបន្ទុក ជាសហប្រធានខាងភាគីកម្ពុជា នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ឯកឧត្តម ស៊ុន ចាន់ថុល នឹងជួយនាយករដ្ឋមន្ត្រី លើការងារគមនាគមន៍ដឹកជញ្ជូន និងភស្តុភារកម្ម ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវ អាកាស និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។

ចំណែកឧបនាយករដ្ឋមន្ត្រីឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើវិស័យអប់រំ យុវជន និងកីឡា ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្ម ពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។ រីឯឧបនាយករដ្ឋមន្ត្រីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្តីប្រគល់ជូន។

ឧបនាយករដ្ឋមន្ត្រីឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើកិច្ចការ មហាផ្ទៃ, ដឹកនាំសម្របសម្រួលការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ការងារប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស និងការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ។ ការបំផ្លាញចោល អាវុធ និងជាសេនាធិការជួយនាយករដ្ឋមន្ត្រី លើការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។

សម្រាប់ឧបនាយករដ្ឋមន្ត្រីឯកឧត្តម ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើវិស័យការពារជាតិ, ដឹកនាំកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្តីប្រគល់ជូន។

ឧបនាយករដ្ឋមន្ត្រីឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើវិស័យយុត្តិធម៌ និងការងារជាមួយអង្គការតុលាការ និងអង្គការអយ្យការ, ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌, ការដឹកនាំសម្របសម្រួលការអនុវត្តនយោបាយព្រហ្មទណ្ឌ, ជួយនាយករដ្ឋមន្ត្រីលើការដឹកនាំ សម្របសម្រួលការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ, ជួយនាយករដ្ឋមន្ត្រីលើការដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ។

សម្រាប់ឧបនាយករដ្ឋមន្ត្រីឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ,ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើវិស័យការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ផ្ដល់យោបល់ជូននាយករដ្ឋមន្ត្រី អំពីក្របខ័ណ្ឌ គោលនយោបាយក្រៅប្រទេស, ការសម្របសម្រួលការបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងទទួលសិទ្ធិពីនាយករដ្ឋមន្ត្រី ក្នុងការពិនិត្យ និងសម្រេចលើសំណើស្មុំកូន និងការសុំលាសញ្ជាតិ។

ឧបនាយករដ្ឋមន្ត្រីឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ទទួលបន្ទុកប្រចាំការ សម្របសម្រួលកិច្ចការ សម្រាប់គណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី និងបណ្តាឧបនាយករដ្ឋមន្ត្រី, ជួយនាយករដ្ឋមន្ត្រីក្នុងការងារ តាមដាន និងសម្របសម្រួលទាក់ទងនឹងកិច្ចការដែលនៅសេសសល់របស់តុលាការកាត់ទោស អតីតមេដឹកនាំខ្មែរក្រហម។

ក្នុងសេចក្តីសម្រេចដដែលក៏បានបានចែងដែរថា ៖ «នាយករដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្រ្តី ជាគណៈអចិ ន្រ្តៃយ៍នៃគណៈរដ្ឋមន្រ្តីដែលត្រូវប្រជុំពិគ្រោះការងារតាមការកោះអញ្ជើញរបស់នាយករដ្ឋមន្រ្តី ឬនាយករដ្ឋមន្រ្តីស្តីទី»។

ជុំវិញការកំណត់របៀបរបបការងារនេះ បណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា យល់ឃ់ញថា នេះជាការបែកចែកការងារច្បាស់លាស់ នៅក្នុងដំណើរការប្រចាំថ្ងៃរបស់គណៈរដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលនីតិកាលទី ៧។

លោកបានប្រាប់ថា ៖ «យើងឃើញថានីតិកាលមុនៗមានតែឧបនាយករដ្ឋមន្រ្តី ១ ជានាយករដ្ឋមន្រ្តីស្តីទី តែនីតិកាលថ្មីដែលដឹកនាំដោយគណៈរដ្ឋមន្រ្តីថ្មី គឺមានឧបនាយករដ្ឋមន្រ្តី២ដែលទទួលបន្ទុកជានាយករដ្ឋមន្រ្តីស្តីទី។ រីឯទេសរដ្ឋមន្រ្តីក៏បានចែងច្បាស់ៗនូវមុខងាររបស់ខ្លួនផងដែរ»។

លោក យង់ ពៅ បន្តថា ៖ «នេះជារបៀបការងារជាក់លាក់ប្រាកដប្រជារបស់គណៈរដ្ឋមន្រ្តីថ្មីនេះ សំខាន់នោះថ្នាក់ដឹកនាំទាំងអស់គាត់បំពេញការងារតាមមុខងារឱ្យមានភាពប្រាកដប្រជានៅមុខងារបស់ខ្លួន ខ្ញុំគិតថាដំណើការរបស់គណៈរដ្ឋមន្រ្តី នឹងមានលក្ខណៈល្អ ទទួលបានផលជាវិជ្ជមាន»៕ ដោយ៖ សុខ រក្សា

ads banner