កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវក្រាបបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែលើកដំបូងក្រោយការក្លាយជានាយករដ្ឋមន្ត្រីផ្លូវការ (Video Inside)
ព្រះមហាក្សត្រ និងសម្តេចម៉ែ បានប្រោសប្រទាន និងរាជានុញ្ញាតដល់កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ក្នុងការចូលក្រាបបង្គំគាល់ក្នុងព្រះបរមរាជវាំងនាថ្ងៃពុធទី២៣សីហា។
ការក្រាបបង្គំគាល់របស់នាយករដ្ឋមន្ត្រី និងភរិយា គឺមួយថ្ងៃបន្ទាប់ពីរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបង្កើតឡើងជាផ្លូវការ បន្ទាប់ពីមានការបោះឆ្នោតផ្តល់ការទុកចិត្តរបស់រដ្ឋសភា ចំពោះសមាសភាពរាជរដ្ឋាភិបាលអាណ្ណត្តិថ្មី។
ការចូលក្រាបបង្គំគាល់នេះ បានធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រ និងសម្តេចម៉ែ បានធ្វើព្រះរាជសារអបអរសាទរ ចំពោះបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលបានការបោះឆ្នោតទុកចិត្តពីរដ្ឋសភា ក្នុងការដឹកនាំរាជរដ្ឋាភិបាលថ្មី ក្នុងអាណ្ណត្តិទី៧ របស់រដ្ឋសភា។
ការចូលក្រាបបង្គំគាល់នេះ បានធ្វើឡើងមួយថ្ងៃមុនពេលដែលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លើកដំបូងត្រៀមនឹងចាប់ផ្តើមធ្វើនាវេលាថ្ងៃទី២៤សីហា។
យោងតាមសេចក្តីសម្រេចស្តីពីការកំណត់របៀបរបបការងារ និងការបែកចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងប្រការ២ បានសរសេរថា «នាយករដ្ឋមន្ត្រីទទួលបន្ទុកដឹកនាំការងាររួមរបស់គណៈរដ្ឋមន្ត្រី និងចាត់ចែងបញ្ជារាល់សកម្មភាពរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ ព្រមទាំងទទួលបន្ទុកដោយឡែកក្នុងទំនាក់ទំនងផ្ទាល់ជាមួយព្រះមហាក្សត្រ សម្រាប់កិច្ចការរបស់រាជរដ្ឋាភិបាល។