ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ បាវចនា គោលដៅយុទ្ធសាស្ត្រ និងអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាលទី១ មាន៖ បាវចនា៥, គោលដៅយុទ្ធសាស្ត្រ៥ និងអាទិភាពគន្លឹះ៥

ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា បាវចនា គោលដៅយុទ្ធសាស្ត្រ និងអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មាន៖ បាវចនា ៥ ,គោលដៅ យុទ្ធសាស្ត្រ ៥ និង អាទិភាពគន្លឹះ ៥ ។ ការបញ្ជាក់នេះក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីដំបូងនីតិកាលទី ៧ នៃរដ្ឋសភានៅវិមានសន្តិភាព កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បាវចនា ៥ រួមមាន ៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព ។ គោលដៅយុទ្ធសាស្ត្រ ៥ រួមមាន ៖ (១). ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់ ៧ភាគរយ ប្រកបដោយភាពធន់នឹងវិបត្តិនានា; (២). បង្កើតការងារឱ្យបានកាន់តែច្រើន, ទាំងបរិមាណ និង គុណភាព,ជូនដល់ប្រជាជន កម្ពុជា, ជាពិសេស សម្រាប់យុវជន; (៣). សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង ១០ភាគារយ និង បន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រ ឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា; (៤). បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន, ទាំងថ្នាក់ ជាតិ និង ថ្នាក់ក្រោមជាតិ, ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ក៏ដូចជា បន្ដ ពង្រឹងអភិបាលកិច្ចវិស័យឯកជន និង បន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផល សម្រាប់ធុរកិច្ច, ការវិនិយោគ និង ពាណិជ្ជកម្ម; និង(៥). ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹង ការប្រែប្រួលអាកាសធាតុ។

តបនឹងបាវចនា៥ និងគោលដៅយុទ្ធសាស្ត្រ៥ ដូចបានគូសរំលេចខាងលើ, រាជរដ្ឋាភិបាលសម្រេចកំណត់យកនូវអាទិភាពគន្លឹះ ចំនួន ៥ សម្រាប់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ដែលត្រូវបានឆ្លុះបញ្ចាំង ជាចម្បង តាមរយៈ បញ្ចកោណយុទ្ធសាស្ត្រ នៅក្នុងរចនាសម្ព័ន្ធនៃយុទ្ធសាស្ត ទាំងមូល។

ឯកឧត្តមនាយករដ្ឋមន្ត្រីបានបន្តទៀតថា រចនាសម្ព័ន្ធ និង ខ្លឹមសារសង្ខេបនៃយុទ្ធសាស្ត្រ ជារួម, រចនាសម្ព័ន្ធនៃ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ មាន ៖ (១). ស្នូលនៃយុទ្ធសាស្ត្រ គឺការកែទម្រង់ និង ការពង្រឹង អភិបាលកិច្ច ,(២). បរិស្ថានគ្របដណ្ដប់ សម្រាប់ ធានាបរិយាកាសអំណោយផល ដល់ការអនុវត្តយុទ្ធសាស្ត្រទាំងមូល,និង (៣). បញ្ចកោណ យុទ្ធសាស្ត្រ ទាំង ៥ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និង វឌ្ឍនភាពសង្គម ។

ប្រមុខាជរដ្ឋាភិបាលបានបញ្ជាក់ថា ស្នូលនៃយុទ្ធសាស្ត្រ, បរិស្ថានគ្របដណ្តប់ និង បញ្ចកោណយុទ្ធសាស្ត្រ ទាំងអស់នេះ ប្រៀបបានទៅនឹងអនុគមន៍ផលិតកម្មដែលការអនុវត្តវិធានការប្រទាក់ក្រឡាគ្នានឹងនាំទៅដល់ការបង្កើនផលិតភាពសរុបនៃសេដ្ឋកិច្ច, ការបង្កើនផលិតភាពនៃកម្លាំងពលកម្ម និងការបង្កើនការវិនិយោគ ក៏ដូចជាប្រសិទ្ធភាពនៃការវិនិយោគលើមូលធនសេដ្ឋកិច្ច ។ ផលិតភាព សរុប នឹងត្រូវបានបង្កើន តាមរយៈសម្ព័ន្ធនៃវិធានការ ដែលត្រូវបានរៀបចំឡើង, ម៉្យាងនៅក្នុងស្នូលនៃយុទ្ធសាស្ត្រ ដោយផ្តោតលើការកែទម្រង់អភិបាលកិច្ច និង ការពង្រឹង សមត្ថភាពស្ថាប័ន; និងម៉្យាងទៀត, នៅក្នុង បរិស្ថានគ្របដណ្តប់ ដោយផ្តោតលើការបង្កើតបរិយាកាសអំណោយផល សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ ចំណែកផលិតភាពផ្នែក ពលកម្ម និង ផ្នែកមូលធន នឹងត្រូវបានបង្កើនតាមរយៈ បញ្ចកោណយុទ្ធសាស្ត្រ ចំនួន ៥ រួម មាន ៖ (១). ការអភិវឌ្ឍមូលធនមនុស្ស; (២). ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាព ប្រកួតប្រជែង; (៣). ការអភិវឌ្ឍវិស័យឯកជន និងការងារ; (៤). ការអភិវឌ្ឍ ប្រកបដោយ ភាពធន់, ចីរភាព និងបរិយាប័ន្ន; និង(៥). ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

ស្នូលនៃយុទ្ធសាស្ត្រ ផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យ កា្លយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និង ស្អាតស្អំ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋ ខាងផ្នែកនយោបាយ, សេដ្ឋកិច្ច និង រដ្ឋបាល ក្នុងការ ដឹកនាំ, ការគ្រប់គ្រង និង ការចាត់ចែងកិច្ចការប្រទេសជាតិ, ពិសេស ការធានានិរន្តរភាពន តួនាទី និង ដំណើរការរដ្ឋបាលសាធារណៈ ដោយយកចិត្តទុកដាក់លើផលប្រយោជន៍ប្រជាជន ព្រមជាមួយនឹងការកសាងជាតិ និង ការពង្រឹងនីតិរដ្ឋ សំដៅគាំទ្រដល់ការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបន្តផ្តោតលើ កិច្ចការអាទិភាព ចំនួន ៥ គឺ៖ (១).ការពង្រឹង និងការកែទម្រង់ស្ថាប័ន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការកសាងរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និង ស្អាតស្អំ ដើម្បី បម្រើផលប្រយោជន៍ប្រជាជន; (២).ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការ អនុវត្តការងារ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការកសាងធនធានមនុស្សប្រកបដោយ សមត្ថភាព, ជំនាញ, ឆន្ទៈម្ចាស់ការ និង ក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និង ការទទួល ខុសត្រូវ;(៣).ការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំ នៅក្នុងរដ្ឋបាលសាធារណៈ ដែលមាន គោលដៅយុទ្ធសាស្ត្រផ្តោតលើ ការលើកកម្ពស់ និងការពង្រឹង ភាពស្អាតស្អំ ភាពសុចរិត និង ជំនឿទុកចិត្ត ចំពោះរដ្ឋបាលសាធារណៈ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយ ប្រសិទ្ធភាព បរិយាប័ន្ន និងចីរភាព;(៤). ការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលមាន គោលដៅយុទ្ធសាស្ត្រផ្តោតលើ ការពង្រឹងគោលការណ៍នីតិរដ្ឋ ការពង្រឹងការប្រយុទ្ធប្រឆាំង អំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម, និង ការពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើ វិស័យយុត្តិធម៌ និង(៥).ការពង្រឹងអភិបាលកិច្ចវិស័យឯកជន និងធុរកិច្ច ដែលមានគោលដៅយុទ្ធសាស្ត ផ្តោតលើការពង្រឹងជំនឿទុកចិត្តរបស់តួអង្គពាក់ព័ន្ធ មកលើវិស័យឯកជន និងធុរកិច្ច តាមរយៈ ការជំរុញឱ្យមានអភិបាលកិច្ចល្អ ក្នុងវិស័យឯកជន និងធុរកិច្ច៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត

ads banner