លោក សួន សេរីរដ្ឋា៖ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺឆ្លើយតបទៅនឹងអ្វីដែលជាស្ថានភាពរបស់កម្ពុជាបច្ចុប្បន្ន គឺការកសាងសន្តិភាព ការការពារឱ្យមានស្ថេរភាពនយោបាយ

ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ លោក សួន សេរីរដ្ឋា បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី២៤ ខែសីហានេះថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺឆ្លើយតបទៅនឹងអ្វីដែលជាស្ថានភាពរបស់កម្ពុជាបច្ចុប្បន្ន ត្រូវការចាំបាច់នោះ គឺការកសាងសន្តិភាព ការការពារឱ្យមានស្ថេរភាពនយោបាយដើម្បីបន្តនៅការអភិវឌ្ឍន៍សង្គមជាតិតទៅទៀត រួមទាំងការថែរក្សាឱ្យបាននូវសមទ្ធិផលសង្គមនានា។ នេះគឺជាចំណុចស្នូល ចំណុចពិសេស ដែលបើយើងមើលឃើញទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅពេលដែលលោកប្រកាសដកខ្លួនថយពីតួនាទីជានាយករដ្ឋមន្ត្រី ហើយផ្ទេរភារកិច្ចជូនទៅឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេន គឺសម្តេចតេជោបានផ្តោតសំខាន់នៅក្នុងការផ្ទេរអំណាច ឬក៏ផ្ទេរតួនាទីនេះ គឺត្រូវតែធ្វើនៅក្នុងកាលៈទេសៈដែលចាំបាច់ កម្ពុជាមានសន្តិភាព ហើយទាមទារឱ្យមានការថែរក្សាឱ្យបាននូវសន្តិភាព ស្ថេរភាពនយោបាយ រួមជាមួយនឹងការបន្តអភិវឌ្ឍន៍។

លោក សេរីរដ្ឋា បានបញ្ជាក់ថា “បើពិនិត្យមើលទៅលើសេចក្តីថ្លែងការណ៍ និងការប្តេជ្ញាចិត្តរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានថ្លែងនៅចំពោះមុខរដ្ឋសភាកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ នៅពេលដែលចេញនូវយុទ្ធសាស្ត្របញ្ចកោណនេះ ក៏បានលើកឡើងនៅចំណុចទីមួយដែលជាចំណុចស្នូលនៅក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ គឺការការពារសន្តិភាព ស្ថេរភាពនយោបាយ និងបន្តការអភិវឌ្ឍន៍ ព្រមទាំងការថែរក្សាការពារនៅសមទ្ធិផលសង្គមជាតិទាំងឡាយដែលមានស្រាប់”។

ប្រភពដដែលបានបន្តទៀតថា នេះគឺជាចំណុចពិសេសណាស់ បើសិនជាយើងមិនអាចបន្តការពារបាននៅសន្តិភាព ស្ថេរភាព ហើយបើយើងគ្មានឆន្ទៈនឹងទទួលយកនៅកិច្ចការដើម្បីបន្តការអភិវឌ្ឍន៍ពីអ្នកដឹកនាំជំនាន់ចាស់ គឺមានន័យថា អ្វីៗយើងចាប់ផ្តើមថ្មី ឬក៏យើងមិនឱ្យតម្លៃទៅលើគុណបំណាច់ការដឹកនាំរបស់អ្នកជំនាន់ចាស់ គឺមិនមែនជាគុណធម៌នៃអ្នកដឹកនាំជំនាន់ថ្មីទេ។ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះ គឺឱ្យតម្លៃទៅលើសុខសន្តិភាពរបស់ប្រទេសជាតិ ស្ថេរភាពសង្គម និងនយោបាយ ដើម្បីបន្តទិសដៅនៃការអភិវឌ្ឍន៍ ព្រមទាំងប្តេជ្ញាការពារនៅសមទ្ធិផលសង្គមជាតិនានាដែលកើតមាន គឺជាចំណុចពិសេស គឺជាចំណុចស្នូល ដើម្បីបន្តទៅអនុវត្តនៅចំណុចទី២ ទី៣ ទី៤ និងទី៥ បន្តទៀត។ នៅក្នុងឱកាសថ្លែងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅក្នុងរបៀបវារៈទី១.ការប្រកាសឱ្យអនុវត្តនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងនៅក្នុងឱកាសថ្លែងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលនីតិកាលទី៧ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ថា ភាពចាំបាច់នៃយុទ្ធសាស្ត្របញ្ចកោណឈរលើមូលដ្ឋាននៃសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល២៥ឆ្នាំកន្លងមក និងការពិនិត្យវាយតម្លៃនិន្នាការតំបន់និងសកល ជាមួយនឹងការប្រមើលទៅមុខ២៥ឆ្នាំ សំដៅឆ្លើយតបនឹងបំណងប្រាថ្នាប្រជាជនឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០, រាជរដ្ឋាភិបាលដាក់ចេញ “យុទ្ធសាស្ត្របញ្ចកោណ”ដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព។ ជារួមយុទ្ធសាស្ត្របញ្ចកោណ គឺជាយុទ្ធសាស្ត្រសម្លឹងទៅមុខសម្រាប់រយៈពេល២៥ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញនិងអនុវត្ត៥ដំណាក់កាលបន្តបន្ទាប់ និងត្រូវបានតម្រង់និងសម្របសម្រួលទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៃនីតិកាលនីមួយៗនៃរដ្ឋសភា៕
ដោយ៖ពលជ័យ

ads banner