ប៉ូលិសកូរ៉េខាងត្បូងចាប់ខ្លួនបាតុករ ១៦នាក់ ដែលសម្រុកចូលស្ថានទូតជប៉ុន ជុំវិញការបង្អូរទឹកពីរោងចក្រនុយក្លេអ៊ែរចូលសមុទ្រ

សេអ៊ូល៖ នៅថ្ងៃព្រហស្បតិ៍នេះប៉ូលិសកូរ៉េខាងត្បូងបានចាប់ខ្លួនបាតុករយ៉ាងហោចណាស់ ១៦នាក់ ដែលបានសម្រុកចូលទៅក្នុងអគារស្នាក់ការស្ថានទូតជប៉ុនប្រចាំទីក្រុងសេអ៊ូល កំលុងពេលតវ៉ាប្រឆាំងនឹងការបង្អូរទឹកចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ារបស់ជប៉ុន។

ការតវ៉ានេះបានកើតឡើងភ្លាមៗ ពោលគឺចាប់នៅថ្ងៃដែលប្រទេសជប៉ុនផ្តើមបញ្ចេញទឹកវិទ្យុសកម្មចេញពីរោងចក្រថាមពលដែលខូចចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ទង្វើរបស់ជប៉ុន បានរងការរិះគន់ជាច្រើនពីសំណាក់ប្រទេសជុំវិញតំបន់ ហើយសហគមន៍នេសាទនៅជប៉ុនក៏ធ្លាប់បាតុកម្មចំពោះបញ្ហានេះផងដែរ។

ក្រុមបាតុករនៅកូរ៉េងខាងត្បូងដែលភាគច្រើនជាយុវជន បានសម្រុកឡើងដល់ជាន់ទី៨ ជាជាន់នៃទីស្នាក់ការស្ថានទូតជប៉ុន ហើយបានព្យួរបដាថ្កោលទោសមួយ។ បដាមួយនោះភ្ជាប់ជាមួយពាក្យថា «សមុទ្រមិនមែនជាធុងសំរាមរបស់ជប៉ុន» និង «បញ្ឈប់ការបញ្ចេញទឹកកខ្វក់ភ្លាមៗ»។

ក្រោយហេតុការណ៍នេះ អ្នកថតរូបរបស់សារព័ត៌មាន Reuters ម្នាក់នៅកន្លែងកើតហេតុបានឱ្យដឹងថា រូបគេបានឃើញប៉ូលិសចាប់ និងអូសបាតុករចេញពីអគារ ហើយចងពួកគេរុញចូលទៅក្នុងឡានក្រុង។ ជុំវិញការចាប់ខ្លួននេះដែរ មន្ត្រីប៉ូលិសនៅស្ថានីយប៉ូលិស Jongno ក្នុងរដ្ឋធានីនៃប្រទេសកូរ៉េខាងត្បូង ថាមូលហេតុនៃការចាប់ខ្លួនមនុស្សទាំង ១៦នាក់ត្រូវ គឺដោយសារតែពួកគេព្យាយាមទម្លាយចូលទៅក្នុងស្ថានទូត។

ទាក់ទិនទៅនឹងការតវ៉ានេះ មានមនុស្សប្រហែល ៥០នាក់ប៉ុណ្ណោះដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតជប៉ុនសម្រាប់ការតវ៉ា។

ជាមួយគ្នានេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយថា ខ្លួនមើលឃើញថាវាគ្មានបញ្ហាផ្នែកវិទ្យាសាស្ត្រជាមួយនឹងការបញ្ចេញទឹកសំណល់នេះទេ ប៉ុន្តែឆ្លៀតក្រើនរំលឹក និងអំពាវនាវឱ្យទីក្រុងតូក្យូ ត្រូវធ្វើកិច្ចការនេះឱ្យមាន មានតម្លាភាព និងភាពច្បាស់លាស់អំឡុងពេលប្រតិបត្តិការ៕ ដោយ៖ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner