ផ្អាកការធ្វើដំណើរលើកំណាត់ផ្លូវ ឆ្លងកាត់តាមប្រាសាទអង្គរវត្តមួយកន្លែង (Video Inside)

កំណាត់ផ្លូវ ឆ្លងកាត់តាមប្រាសាទអង្គរវត្តមួយកន្លែងក្នុងខេត្ដសៀមរាប ត្រូវបានអាជ្ញាធរផ្អាកការធ្វើចរាចរបណ្ដោះអាសន្ន។ កំណាត់ផ្លូវបំបែកវិថីព្រះនរោត្តមសីហមុនី ឬផ្លូវកូម៉ៃ លាតសន្ធឹងរហូតដល់កែងកសិន្ទុ ប្រាសាទអង្គរវត្តទិសនិរតី គឺជាផ្លូវដែលទេសចរណ៍ជាតិ និងអន្តរជាតិ ឆ្លងកាត់ក្នុងការធ្វើដំណើរទស្សនាប្រាសាទអង្គរវត្ត។

យោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ការផ្អាកដែលចាប់ផ្តើមពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ គឺដើម្បីអនុវត្តគម្រោងការស្តារប្រព័ន្ធធារាសាស្ត្របុរាណនាសម័យអង្គរ និងការរៀបចំប្រព័ន្ធរំដោះទឹកជំនន់ប៉ែកខាងត្បូងប្រាសាទអង្គរវត្ត។ មិនមានការបញ្ជាក់ថា តើការបិទបណ្តោះអាសន្ននេះ នឹងមានរយៈពេលប៉ុន្មានថ្ងៃឬសប្តាហ៍ឡើយ។

រមណីយដ្ឋានប្រាសាទអង្គរ ត្រូវគេចាត់ទុកដូចជាឃ្លាំងមាស ឃ្លាំងប្រាក់មួយរបស់កម្ពុជា ដោយសារតែជនបរទេសមកពីគ្រប់ទិសទី ក្នុងសកលលោកធ្វើដំណើរទស្សនាកំសាន្ត ដែលនាំមកនូវចំណូលជូនប្រទេសជាតិ។

យោងតាមអាជ្ញាធរជាតិអប្សរា ក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២៣នេះ, ចំណូលពីការលក់បណ្ណចូលទស្សនាអង្គរមាន សរុប ១៧លាន ៨៧ម៉ឺន ៧ពាន់ ៤១៨ដុល្លារអាមេរិក។

ads banner