២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១៤៥ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ ក្នុងអាស៊ាននៅតែបន្តមានតាមប្រទេសខ្លះ ប៉ុន្តែមិនមានក្នុងប្រទេសកម្ពុជាឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន មានចំនួន ១៤៥ករណី ដែលជាតួលេខឆ្លងកើនឡើងចំនួន ១៥ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។

ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន ៤ ប៉ុណ្ណោះ នៅអាស៊ាន រួមមានប្រទេសវៀតណាម, ម៉ាឡេស៊ី, ឡាវ និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសដែលមានការឆ្លងច្រើនជាងគេ គឺប្រទេសម៉ាឡេស៊ី ដែលមានចំនួនឆ្លង ៩០ករណី។ ប្រទេសឡាវ មានការឆ្លងចំនួន ២ករណី ដែលជាតួលេខឆ្លងតិចជាងគេ ក្នុងចំណោមប្រទេសទាំង ៤។ ប្រទេសចំនួន ៦ទៀត រួមមានប្រទេសថៃ, សឹង្ហបុរី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ប្រុយណេ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្នុងប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៣ម៉ឺន ៤ពាន់ ៦៨៧ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៧៨១នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៤លានករណី, និងការស្លាប់មានជាង ៦លាន ៩០ម៉ឺននាក់៕

ads banner