គណបក្សមហាសាមគ្គីជាតិខ្មែរប្រកាសជាចំហ និងធ្វើការប្ដេជ្ញាចិត្តចូលរួមនៅក្នុងយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
គណបក្សមហាសាមគ្គីជាតិខ្មែរ បានមូលមតិឯកភាពគ្នាជារួមពីគណៈកម្មាធិការអចិន្ត្រៃយ៍កណ្តាលគណបក្ស បានធ្វើការសម្រេចចិត្តប្រកាសជាចំហក្នុងការចូលរួមចំណែកការងារនៅក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៃរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ដែលបង្កើតឡើងដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គណបក្សមហាសាមគ្គីជាតិខ្មែរ បានមើលឃើញថា ចំពោះការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិទសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧ថ្មីនេះ បង្ហាញឲ្យឃើញថា ជាស្មារតីបង្រួបបង្រួមជាតិ សាមគ្គីភាព ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
គណបក្សមហាសាមគ្គីជាតិខ្មែរ បានមើលឃើញពីគោលជំហរសាមគ្គីភាព បង្រួបបង្រួមជាតិ ដើម្បីស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍប្រទេស គណបក្សមហាសាមគ្គីជាតិខ្មែរ សូមប្រកាសជាចំហ និងធ្វើការប្ដេជ្ញាចិត្តចូលរួមនៅក្នុងយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលជាចំណែកសកម្មភាពធាតុចូលដ៏មានសារៈសំខាន់ក្រោមគំនិតផ្តួចផ្តើមបង្កើតឡើងដ៏ខ្ពង់ខ្ពស់បំផុត ពីឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើឲ្យប្រយោជន៍ជាតិ ប្រយោជន៍ប្រជាពលរដ្ឋ និងវឌ្ឍនៈភាពសង្គម។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៤ ខែសីហាថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រេចបន្តអនុវត្តយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីរក្សាបាននូវភាពរស់រវើកនិងបរិយាបន្នសម្រាប់គ្រប់គណបក្សនយោបាយ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងដែល បានចុះបញ្ជីគណបក្សនយោបាយត្រឹមត្រូវនៅក្រសួងមហាផ្ទៃ សំដៅប្រមូលយកធាតុចូលដែលមានលក្ខណៈជាទស្សនៈពហុគំនិតពីបណ្ដាគណបក្សនយោបាយនានា ដើម្បីជាប្រយោជន៍ដល់ ការស្ថាបនាជាតិ៕
