គណបក្សធម្មាធិបតេយ្យ គាំទ្រឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សម្រេចបន្តអាណត្តិរបស់ស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
ភ្នំពេញ៖ គណបក្សធម្មាធិបតេយ្យ បានចេញញ្ញត្តិគាំទ្រឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចបន្តអាណត្តិរបស់ស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងនីតិកាលទី៧នេះ ដែលស្ថាប័ននេះ បានបង្កើតឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេលបោះឆ្នោតជាតិនីតិកាលទី៦ ឆ្នាំ២០១៨។ នេះបើយោងតាមញ្ញត្តិគាំទ្ររបស់គណបក្សធម្មាធិបតេយ្យ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។
ញ្ញត្តិគាំទ្របានបន្តថា គណបក្សធម្មាធិបតេយ្យ សម្រេចចូលរួមការងារជាមួយស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្នុងអាណត្តិទី៧នេះ ជាមួយរាជរដ្ឋាភិបាលថ្មី បន្តទៅទៀត ដើម្បីមានឱកាសផ្តល់យោបល់ជូនប្រមុខរាជរដ្ឋាភិបាលក្រៅក្របខ័ណ្ឌរដ្ឋសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីប្រយោជន៍ដល់ការបម្រើសេវាប្រជារាស្ត្រ និងការអភិវឌ្ឍន៍សង្គមប្រកបដោយសក្តានុពល។
គណបក្សធម្មាធិបតេយ្យ មើលឃើញថា ការសម្រេចដ៏ឈ្លាសវៃរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តែងឲ្យឃើញភាពសុចរិត ក្នុងការដឹកនាំនាវាកម្ពុជា ក្នុងនីតិកាលទី៧នេះ ឆ្ពោះទៅរកភាពជោគជ័យ ស្ថេរភាពនយោបាយ សុខដុមរមនា និងរក្សាបាននូវ សន្តិភាព សម្រាប់ប្រជារាស្ត្រយើងទាំងអស់គ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៤ ខែសីហាថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រេចបន្តអនុវត្តយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីរក្សាបាននូវភាពរស់រវើកនិងបរិយាបន្នសម្រាប់គ្រប់គណបក្សនយោបាយ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងដែលបានចុះបញ្ជីគណបក្សនយោបាយត្រឹមត្រូវនៅក្រសួងមហាផ្ទៃ សំដៅប្រមូលយកធាតុចូលដែលមានលក្ខណៈជាទស្សនៈពហុគំនិតពីបណ្ដាគណបក្សនយោបាយនានា ដើម្បីជាប្រយោជន៍ដល់ការស្ថាបនាជាតិ៕
