មេដឹកនាំសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល បង្ហាញជំនឿចិត្តយ៉ាងមុតមាំនូវគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងវិធាននានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧

ភ្នំពេញ៖ លោក ហេង សំណាង ប្រធានសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល បង្ហាញជំនឿចិត្តយ៉ាងមុតមាំ នូវគោលនយោបាយថ្មីគឺ (យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១) និងវិធាននានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភាពនេះ គឺជាកម្មវិធីនយោបាយដ៏ល្អរឹងមាំ សម្រាប់ប្រជាជនកម្ពុជាទាំងមូល។

លោក ហេង សំណាង បានបង្ហាញទស្សនៈថា គោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី ដោយស្របតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ គឺសបញ្ជាក់ថា កម្ពុជាពិតមានសមត្ថភាព និងធនធានលទ្ធភាពជាច្រើន ក្នុងការអភិវឌ្ឃប្រទេសជាតិ។ ពិសេស យោងតាមឯកសារយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ មានគោលដៅ៥ និងអាទិភាពកន្លឹះ៥៖
១.ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់៧ភាគរយ ប្រកបដោយភាពធន់នឹងវិបត្តិនានា។
២.បង្កើតការងារឱ្យបានកាន់តែច្រើន តាំងពីបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជន។
៣.សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង១០ភាគរយ និងបន្តខិតខំទាញទម្លាក់អត្រាភាពក្រីក្រ ឱ្យស្ថិតនៅក្នុងកម្រិតអប្បបរមា។
៤.បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ក៏ដូចជាបន្តពង្រឹងអភិបាលកិច្ចវិស័យឯកជន និងបន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផល សម្រាប់ធុរកិច្ច ការវិនិយោគ និងពាណិជ្ជកម្ម។
ទី៥.ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ ទៅនឹងការប្រែប្រួលអាកាសធាតុ។

ជាមួយនឹងបាវចនា៥ និងគោលដៅយុទ្ធសាស្ត្រ៥ ដូចបានគូសរំលេចខាងលើ, រាជរដ្ឋាភិបាល បានសម្រេចកំណត់នូវអាទិភាពគន្លឹះ៥ សម្រាប់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ឈរលើគោលការណ៍ ប្រសិទ្ធភាព ផលិតភាព គុណភាព ភាពធន់ និងចីរភាព ដែលត្រូវបានឆ្លុះបញ្ចាំងជាចម្បង តាមរយៈបញ្ចកោណយុទ្ធសាស្ត្រ នៅក្នុងរចនាសម្ព័ន្ធនៃយុទ្ធសាស្ត្រទាំងមូល៕
ដោយ៖ពលជ័យ

ads banner