ឯកឧត្តម សុខ សូកេន ៖ “ បង្កើន៥ ” និង “ អភិវឌ្ឍ៣ ” គឺជាយុទ្ធសាស្ត្រថ្មី ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា

(ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួង ទេស ចរណ៍ ប្រមាណ ៤០០នាក់ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន បានដាក់ចេញគោលដៅយុទ្ធសាស្រ្តចំនួន៣ ៖ ១-ភាពប្រកួតប្រជែងទេសចរណ៍ ២-ចីរភាពទេសចរណ៍ និង៣-បរិយាបន្នទេសចរណ៍ និងមានសសរស្ដម្ភយុទ្ធសាស្រ្តចំនួន៥ ហៅកាត់ថា «បង្កើន ៥ -BUILD» ព្រមទាំងមានសមាសធាតុគាំទ្រដោយការងារអាទិភាពចំនួន៣ ហៅកាត់ថា «អភិវឌ្ឍ៣ -3Ds» ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្ដែងនូវកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្ដល់សេចក្ដីទុកចិត្ត និងឱកាសក្នុងនាមជាថ្នាក់ដឹកនាំជំនាន់ក្រោយឱ្យបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្ដម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្តែងនូវឧបការគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំនាវាកម្ពុជាក្នុងរយៈពេលជាង៣៨ឆ្នាំកន្លងមក ជាពិសេសបានធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករដ៏សំខាន់នៅក្នុងដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា និងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញក្នុងតំបន់អាស៊ី។

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន បានគោរពវាយតម្លៃខ្ពស់ជូនចំពោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ថោង ខុន ជាថ្នាក់ដឹកនាំប្រកបដោយសមត្ថភាព និងទេពកោសល្យ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការចូលរួមយ៉ាងសកម្ម ដើម្បីសម្រេចបានសមិទ្ធផលជាច្រើន ក្នុងវិស័យទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ផងដែរ ។

នាឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ថោង ខុន បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងទេសចរណ៍ ត្រូវរួមសហការគ្នាអនុវត្តការងារដែលក្រសួង និងរដ្ឋមន្ត្រី សុខ សូកេន ប្រគល់ជូន ត្រូវរួមគ្នាអនុវត្តគោលនយោបាយជាតិទាំងឡាយដែលបានប្រកាសឱ្យអនុវត្តរួចហើយនោះ ព្រមទាំងកម្មវិធីនយោបាយជាតិរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកសម្រេចឱ្យបាននូវសមិទ្ធជូនជាតិមាតុភូមិបន្ថែមទៀត និយាយជារួម និងសមិទ្ធផលក្នុងវិស័យទេសចរណ៍ជាតិ និយាយដោយឡែក។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ក្រសួងទេសចរណ៍មានចក្ខុវិស័យ និងយុទ្ធសាស្រ្តច្បាស់លាស់ថា ទទួលបានទេសចរអន្តរជាតិ ៦.៤លាននាក់ ជាមួយទេសចរជាតិ ១៦.៧លាននាក់ ហើយនៅឆ្នាំ២០២៦ នឹងទទួលបានទេសចរអន្តរជាតិ ៧លាននាក់ ជាមួយទេសចរជាតិ ១៧លាននាក់ ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner