កូរ៉េខាងជើងចោទអាមេរិកកំពុងរុញច្រានវិបត្តិអ៊ុយក្រែនឆ្ពោះទៅរកគ្រោះមហន្តរាយនុយក្លេអ៊ែរជាសកល
ព្យុងយ៉ាង៖ ប្រមុខការពារជាតិកូរ៉េខាងជើងបានរិះគន់ធ្ងន់ៗលើសហរដ្ឋអាមេរិក ជុំវិញការផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន ដោយនិយាយថា វាអាចបង្កឱ្យមានគ្រោះមហន្តរាយដល់ពិភពលោក។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក កាង សុនណាម បាននិយាយថា សហរដ្ឋអាមេរិកកំពុងប្រថុយនឹងហានិភ័យ នៃការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរ ជុំវិញការផ្គង់ផ្គង់យន្តហោះចម្បាំងលោកខាងលិចទៅឱ្យអ៊ុយក្រែន។
បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ប្រមុខការពារជាតិកូរ៉េខាងជើងរូបនេះ បានអះអាងថា ជម្លោះនៅអ៊ុយក្រែន គឺជាមហិច្ឆតាអនុត្តរភាពរបស់សហរដ្ឋអាមេរិក ដែលចាត់ទុករុស្ស៊ីជា “សត្រូវចម្បង” របស់ខ្លួន។
លោក កាង បានគូសបញ្ជាក់យ៉ាងដូច្នេះថា សហរដ្ឋអាមេរិកកំពុងរុញច្រានជម្លោះនៅអ៊ុយក្រែនដល់កម្រិតនៃសង្រ្គាមនុយក្លេអ៊ែរពិភពលោក តាមរយៈការបញ្ជូនយន្តហោះចម្បាំង F-16 ដល់របបអាយ៉ងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។
ទន្ទឹមគ្នា ប្រមុខការពារជាតិកូរ៉េខាងជើងរូបនេះ ក៏បានសម្តែងនូវការគាំទ្រចំពោះអ្វីដែលខ្លួនបាននិយាយថា គឺជាការស្វែងរកយុត្តិធម៌របស់ទីក្រុងមូស្គូ និងការការពារសិទ្ធិអធិបតេយ្យភាពរបស់រដ្ឋ ពាក់ព័ន្ធនឹងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា
