ប្រធានាធិបតីចិន និងអ៊ីរ៉ង់ប្តេជ្ញាធ្វើការរួមគ្នា ដើម្បីពង្រឹងសម្ព័ន្ធភាពពហុភាគី
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់សមភាគីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី ថា ប្រទេសចិននឹងធ្វើការជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីលើកកម្ពស់ពហុភាគីនិយមនៅក្នុងកិច្ចប្រជុំកំពូលដូចជា BRICS ជាដើម។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងសមភាគីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី បានជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូល BRICS នៅទីក្រុងចូហេនណេស្បឺគ ហើយនៅថ្ងៃដដែលនោះ ក្រុមប្រទេសប្លុកនេះបានទទួលស្គាល់អ៊ីរ៉ង់ជាសមាជិកថ្មីមួយ ក្នុងចំណោមសមាជិកថ្មីទាំង៦ រួមជាមួយអាហ្សង់ទីន អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត អេត្យូពី និងអេមីរ៉ាត់អារ៉ាប់រួម។
លោក ស៊ី ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនដកស្រង់សម្តីចេញផ្សាយថា យើងមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់ ទាំងនៅក្នុងក្របខណ្ឌ BRICS និងវេទិកាពហុភាគីផ្សេងទៀត ដើម្បីជំរុញឱ្យមានការអភិវឌ្ឍន៍ក្របខណ្ឌពហុភាគីនិយម ដែលប្រកបដោយសុខាមាលភាព និងរឹងមាំ។
ចំណែកលោក រ៉ៃស៊ី បាននិយាយថា ការពង្រីកសមាជិកភាពនៃក្រុមប្រទេស BRICS បានបង្ហាញថា ឯកតោភាគីនិយមកំពុងធ្លាក់ចុះ និងថា អ៊ីរ៉ង់ប្តេជ្ញាចិត្តជំរុញភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយចិន ក៏ដូចជាមានឆន្ទៈជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការ ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។
សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបង្កើនពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ដែលកាន់កាប់ស្តុកឧស្ម័នធំជាងគេទីពីររបស់ពិភពលោក ខណៈដែលទីក្រុងតេហេរ៉ង់ជួបការលំបាកផ្នែកសេដ្ឋកិច្ច ដោយសារតែកំណើនសេដ្ឋកិច្ចយឺត និងការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិច៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា



