ទីលានកីឡាវាយកូនគោលCITY GOLF ប្រកាសរៀបចំការប្រកួត Honma Championshipនៅថ្ងៃទី២៣ ខែកញ្ញា
(ភ្នំពេញ)៖ ទីលានកីឡាវាយកូនគោលខ្នាតតូចកម្រិតស្តង់ដារអន្តរជាតិ នៅកម្ពុជា CITY GOLF បានប្រកាសថា នឹងរៀបចំការប្រកួតកីឡាវាយកូនគោលពានរង្វាន់Honma Championship ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកញ្ញា នៅទីលានកីឡាវាយកូនគោល CITY GOLFផ្ទាល់ ដែលមានទីតាំង ស្ថិតនៅ ក្នុងសង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក លីគា អ្នកចាត់ការទូទៅទីលានកីឡាវាយកូនគោលស៊ីធីហ្គោល បានលើកឡើងថា ការប្រកួតកីឡាវាយកូនគោលពានរង្វាន់Honma Championshipឆ្នាំ២០២៣ ដែលរៀបចំដោយទីលានកីឡាវាយកូនCITY GOLF នៅថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២៣ខាងមុខនេះ មានគោលបំណងបង្កើតព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើនក្នុងមួយឆ្នាំៗ ដើម្បីផ្តល់ឱកាសឲ្យកីឡាករជាតិនិងអន្តរជាតិបានប្រកួតប្រជែងគ្នាបញ្ចេញនូវសមត្ថភាព ផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងថ្នាក់ដឹកនាំជាមន្រ្តីរាជការក្នុងជួររដ្ឋភិបាល និងអ្នកវិនិយោគក្នុងស្រុកនិងក្រៅស្រុកផងដែរ។

អ្នកចាត់ការទូទៅរូបនេះ បានបញ្ជាក់ទៀតថា ការប្រកួតនេះ ក្រៅពីការបង្កើតឱកាសជួបជុំគ្នាសប្បាយរីករាយប្រកួតជាលក្ខណៈមិត្តភាព សាមគ្គីភាព ព្រឹត្តិការណ៍ប្រកួតមួយនេះ ក៏ជាការរួមចំណែកបំផុសផ្សព្វផ្សាយអំពីវិស័យកីឡាវាយកូនគោលនៅកម្ពុជាឲ្យកាន់តែផុសផុលដូចបណ្តាប្រទេសនានា នៅក្នុងតំបន់និងពិភពលោក។ លោក អះអាងថា ក្នុងមួយឆ្នាំៗទីលានស៊ីធីហ្គោល បានបង្កើតការប្រកួតយ៉ាងហោចណាស់ពី៣ទៅ៤ដង ដើម្បីផ្តល់ឱកាសសម្រាប់កីឡាករថ្មីៗដែលទើបតែចូលហ្វឹកហាត់បានចូលរួមប្រកួតធ្វើតេសសមត្ថភាព។

សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនគោលពានរង្វាន់Honma Championship ឆ្នាំ២០២៣ នឹងត្រូវធ្វើការប្រកួតផ្លូវការនៅថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២៣ កីឡាករដែលចូលរួមប្រកួតប្រជែងមិនមែនជាកីឡាករវាយកូនគោលអាជីពនោះទេ គឺសមាសភាពកីឡាករកម្រិតមធ្យម និងកីឡាករថ្មីៗដែលទើបតែចូលហ្វឹកហាត់។ សម្រាប់ការប្រកួតនេះមានរយៈពេល១ព្រឹក កីឡាករដែលទទួលបានចំណាត់ នឹងរង្វាន់លើកទឹកចិត្តជាច្រើនពីHonmaផងដែរ៕


អត្ថបទ៖ ជាវ ចន្ធូ