ក្រុមហ៊ុន ប្រាប់ឱ្យសារធារណៈជនបង្កើនការប្រុងប្រយ័ត្នក្នុងពេលបើកបលើផ្លូវល្បឿនលឿន នារដូវវស្សា
ភ្នំពេញ៖ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី២៨ ខែសីហាឆ្នាំ២០៣ បានប្រកាសឱ្យសារធារណៈជន បន្ថែមការប្រុងប្រយ័ត្នក្នុងការបើកបរលើផ្លូវល្បឿនលឿនក្នុងរដូវវស្សា។ការប្រកាសឱ្យប្រុងប្រយ័ត្ននេះ ខណៈអត្រាគ្រោះថ្នាក់ចរាចរណ៍ពេលបើកបរពេលកំពុងភ្លៀង គឺមានខ្ពស់បំផុត។
យោងតាមការផ្សព្វផ្សាយពីក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានលើកឡើងថា ចំណុចសំខាន់ដែលត្រូវប្រុងប្រយ័ត្ន និងធ្វើឱ្យបានក្នុងពេលបើកបរលើផ្លូវល្បឿនលឿន នៅពេលកំពុងមានភ្លៀងធ្លាក់នោះគឺ បន្ថយល្បឿន រក្សាគម្លាត និងបើកភ្លើងកូត។

ជាមួយគ្នានេះក្រុមហ៊ុនផ្លូវល្បឿនលឿន ក៏អំពាវនាវដល់អ្នកធ្វើដំណើរទាំងអស់ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅពេលធ្វើដំណើរ ដោយត្រូវអនុវត្តនូវចំណុចចម្បងៗរួមមាន៖ ត្រូវត្រួតពិនិត្យយានយន្តឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយមុនពេលចេញដំណើរ ដូចជា កង់រថយន្ត ភ្លើងសញ្ញា កម្រិតទឹក ប្រេងម៉ាស៊ីន ប្រព័ន្ធហ្រ្វាំង ផ្លឹតទឹក និងគួរត្រៀមចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ និងបំពង់ពន្លត់អគ្គិភ័យ ភ្ជាប់តាមរថយន្តរៀងរាល់ពេលធ្វើដំណើរ។
ក្រុមហ៊ុនបានប្រកាសបន្តថា នៅពេលមានភ្លៀងធ្លាក់ អ្នកបើកបរត្រូវបើកភ្លើងកូត ហើយបន្ថយល្បឿនក្នុងការធ្វើដំណើរ ហើយក្នុងករណីមានភ្លៀងធ្លាក់ខ្លាំង ចុះអ័ព្ទ មានដី ឬផ្សែងហុយ ដែលមិនអាចមើលឃើញច្បាស់ សូមបើកភ្លើងសញ្ញាសុំផ្លូវ រួចបន្ថយល្បឿនក្នុងការធ្វើដំណើរ។
ក្រុមហ៊ុន បានបញ្ជាក់ថា ៖ «បុគ្គលិកយើងខ្ញុំ ដែលប្រចាំការនៅក្នុងបញ្ជរបង់ប្រាក់តែងក្រើនរំលឹកដល់អ្នកបើកបរ ដែលឆ្លងកាត់អោយបន្ថែមការប្រុងប្រយ័ត្ន នៅពេលមានភ្លៀងធ្លាក់ ដូចនេះសូមចូលរួមអនុវត្តទាំងអស់គ្នាដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ»។

នៅតាមដងផ្លូវល្បឿនលឿន មានផ្ទាំងប៉ាណូអេឡិចត្រូនិក ដើម្បីបង្ហាញសារក្រើនរំលឹក និងផ្តល់ពត៌មាននៅពេលមានភ្លៀងធ្លាក់ ឬមានការកើតហេតុអ្វីមួយ នៅលើដងផ្លូវខាងមុខ។ នៅពេលជួបប្រទះនឺងគ្រោះថ្នាក់ ឬយានយន្តមានបញ្ហា ក្រុមហ៊ុន បានស្នើឱ្យបើកភ្លើងសញ្ញាបត់ស្តាំ បន្ថយល្បឿន ហើយអែបទៅឈប់ក្នុងគន្លងផ្លូវអាសន្ន ដែលនៅខាងស្តាំដៃបំផុត។
ទន្ទឹមគ្នានេះ ចំពោះអ្នករួមដំណើរទាំងអស់ ត្រូវចាកចេញពីយានយន្ត រួចចេញទៅឈរនៅខាងក្រៅរនាំងសុវត្ថិភាព ហើយរាយការណ៍ទៅប៉ូលីស ឬក្រុមសង្រ្គោះបន្ទាន់ផ្លូវល្បឿនលឿន តាមរយៈលេខទូរសព្ទសង្រ្គោះ ១៣៩៩ តែហាមជាដាច់ខាតការឈរ ឬដើរចុះឡើង និងជជែកពិភាក្សាគ្នានៅលើដងផ្លូវល្បឿនលឿន ដែលអាចនឹងបណ្តាលឱ្យមានគ្រោះថ្នាក់។ នេះបើតាមការបញ្ជាក់បន្ថែមពីក្រុមហ៊ុនដដែលនេះ។
ជុំវិញរឿងនេះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជានៅថ្ងៃទី២៨ ខែសីហាបានប្រាប់ថា ការជូនដំណឹង និងការផ្ញើសារអប់រំដល់សាធារណជនពីសុវត្ថិភាពចរាចរណ៍ គឺជារឿងល្អ ប៉ុន្តែទន្ទឹមនឹងការអំពាវនាវ លោកយល់ថា ក្រុមហ៊ុនក៏គួរតែពង្រឹងការអនុវត្តន៍ច្បាប់ឱ្យខ្លាំង នៅទីតាំងដែលប្រឈមខ្លាំងនោះ។
លោកបន្តថា ៖ «ខ្ញុំយល់ថា ក្រៅពីការរំលឹក និងការផ្សព្វផ្សាយនេះ ក៏គួរតែមានការរឹតបន្តឹងច្បាប់នៅលើផ្លូវល្បឿនលឿន ព្រោះខ្ញុំឃើញគ្រោះថ្នាក់ភាគច្រើនកើតឡើងដោយសារបើកបរក្នុងល្បឿនលឿនលើសច្បាប់កំណត់ ខណៈខ្ញុំក៏សូមឱ្យមានការបំពាក់កាមេរ៉ាសុវត្ថិភាពឱ្យបានច្រើននៅកន្លែងដែលមានហានិភ័យខ្ពស់»។
ទន្ទឹមគ្នានេះដែរ អ្នកជំនាញខាងចរាចរណ៍ខាងលើ ក៏បានស្នើឱ្យពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ផ្លូវនានា ខណៈលោកយល់ថា គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ ភាគច្រើនកើនឡើងដោយសារការបើកបរលឿន ការវ៉ាជែងដោយប្រថុយប្រថាន ការប្រើប្រាស់ទូរសព្ទ័ក្នុងពេលបើកបរជាដើម សុទ្ធតែជាកត្តាសំខាន់ដែលត្រូវអប់រំ និងផ្សព្វផ្សាយបន្ថែម។
យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍របស់ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គិតចាប់ពីថ្ងៃទី១៤ ខែសីហា រហូតដល់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ មានយានយន្តបានធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ៨៧ ៥៦៧ គ្រឿង ដែលក្នុងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣ករណី។
ក្រសួងមហាផ្ទៃ បានឱ្យដឹងដែរថា អត្រាគ្រោះថ្នាក់ទូទាំងប្រទេសវិញ គិតត្រឹមរយៈពេលបួនខែ ដើមឆ្នាំ២០២៣នេះ ប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២២ ឃើញថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ថយចុះ ១៥៤ លើក ឬ១៣ភាគរយ ក្នុងនោះអ្នកស្លាប់បានថយចុះ ១៨០នាក់ ស្មើនឹង២៦ភាគរយ និងអ្នករបួសបានថយចុះ ចំនួន៣០១នាក់ ស្មើនឹង១៨ភាគរយ៕ ដោយ៖ បូរ ពេជ្យហ្សាលីន