លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ៖ ឯកអគ្គរាជទូតរបស់កម្ពុជា នឹងធ្វើជាតំណាងយ៉ាងក្លៀវក្លា ជាមួយនឹងការប្រកាន់ខ្ជាប់នូវតម្លៃរបស់ប្រទេសជាតិ និងផលប្រយោជន៍ជាតិជាចម្បង

(ភ្នំពេញ)៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មី ចំនួន៧រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំនៅប្រទេសជាមិត្តនានា នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

ក្នុងជំនួបសម្តែងការគួរសមនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្តីមោទនភាពដ៏ក្រៃលែង និងដោយមានសេចក្តីជឿជាក់ថា ឯកអគ្គរាជទូតរបស់កម្ពុជា នឹងធ្វើជាតំណាងយ៉ាងក្លៀវក្លា ជាមួយនឹងការប្រកាន់ខ្ជាប់នូវតម្លៃរបស់ប្រទេសជាតិ និង ផលប្រយោជន៍ជាតិជាចម្បង។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ស្ថិតក្នុងកាលៈទេសៈដែលពិភពលោក កំពុងមានការកើនឡើងនៃភាពស្មុគស្មាញសកល ការប្រែប្រួល និងហានិភ័យ វិស័យការទូតដើរតួនាទីយ៉ាងសំខាន់ ដើម្បីឈរជាមូលដ្ឋានគ្រឹះក្នុងការរក្សាសន្តិភាពពិភពលោក និងការជំរុញនូវភាពរុងរឿង។ លោកជំទាវកិត្តិសង្គបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា ក្នុងអាណត្តិនីតិកាលនេះ ចំណុចសំខាន់ត្រូវផ្តោតទៅលើដំណើរការកំណែទម្រង់សេដ្ឋកិច្ច និងស្ថាប័ន ស្របទៅតាម “យុទ្ធសាស្ត្របញ្ចកោណ”។ ក្នុងន័យនេះ

ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គបណ្ឌិត ក៏បានលើកឡើងនូវចំណុចសំខាន់មួយថែមទៀតនៃការទូតរបស់យើង គឺការលើកកម្ពស់ការផ្លាស់ប្តូរផ្នែកអប់រំ និងវប្បធម៌ជាមួយបណ្តាប្រទេសនានា។ កិច្ចខិតខំប្រឹងប្រែងការទូតរបស់កម្ពុជា រួមមាន ការទូតរបស់រាជរដ្ឋាភិបាល ការទូតសភា ការទូតបក្ស និងការទូតប្រជាជន។ ការធ្វើការទូតរួមនៅគ្រប់ផ្នែកទាំងអស់គឺជាការចាំបាច់ក្នុងការសម្រេចបាននូវផលប្រយោជន៍ជាតិជាធំ។

សូមជម្រាបថា ឯកអគ្គរាជទូតទាំង៧រូប ដែលត្រូវអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំប្រទេសជាមិត្តនានារួមមាន៖
១- ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋបារាំង អ៊ីតាលី ព័រទុយហ្កាល់ ម៉ាល់តា ព្រះរាជាណាចក្រអេស្បាញ បូរីក្សត្រម៉ូណាកូ ដែលមាននិវេសនដ្ឋាននៅទីក្រុងប៉ារីស។
២- ឯកឧត្តម ឡាយ សំកុល ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំចក្រភពអង់គ្លេស អៀរឡង់ ព្រះរាជាណាចក្រដាណឺម៉ាក ស៊ុយអែត ន័រវែស និងសាធារណរដ្ឋហ្វាំងឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងឡុងដ៏។
៣- ឯកឧត្តម សុក ជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី តាហ្ស៊ីគីស្ថាន អាសៃបៃហ្សង់ កាហ្សាក់ស្ថាន ហ្សកហ្ស៊ី កៀហ្ស៊ីស៊ីស្ថាន សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងរដ្ឋអ៊ីស្រាអែល ដែលមាននិវសេនដ្ឋាននៅទីក្រុងអង់ការ៉ា។
៤- ឯកឧត្តម ទាន សំណាង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលមាននិវេសនដ្ឋាននៅទីក្រុងហ្សាការតា។
៥- ឯកឧត្តម ហ៊ុលក្រង ផាណង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតឡាវ។
៦- ឯកឧត្តម ឈាង ធីរ៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋអាល្លឺម៉ង់ សាធារណរដ្ឋប៉ូឡូញ សាធារណរដ្ឋឆែក សាធារណរដ្ឋក្រូអាត សាធារណរដ្ឋហុងគ្រី សាធារណរដ្ឋស្លូវ៉ាគី សាធារណរដ្ឋស្លូវ៉ានី និងប្រទេសអ៊ុយក្រែន ដែលមាននិវេសនដ្ឋាននៅទីក្រុងប៊ែរឡាំង។
៧- ឯកឧត្តម តាន់ ប៊ុនប៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារដ្ឋស៊ែប៊ី ដែលមាននិវេសនដ្ឋាននៅទីក្រុងប៊ែលក្រាត ៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner