ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងចាកចេញទៅប្រទេសចិន (Video Inside)

ព្រះមហាក្សត្រ និងសម្តេចម៉ែ កំពុងគង់ប្រថាប់នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព ក្រោយការយាងចាកចេញពីរាជធានីវេលាព្រឹកថ្ងៃទី២៨សីហា។ ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ តែងយាងត្រួតពិនិត្យព្រះរាជសុខភាព នៅសាធារណរដ្ឋប្រជាមានិតចិន យ៉ាងហោច២ដងក្នុងមួយឆ្នាំ។

ព្រះរាជដំណើរថ្ងៃទី២៨ សីហា ឆ្នាំ២០២៣ គឺជាព្រះរាជដំណើរពិនិត្យសុខភាពជាលើកទី២ ដែលជាធម្មតានឹងមានរយៈពេលប្រមាណជាងមួយខែ។ ក្នុងឱកាស នៃព្រះរាជអវត្តមានរបស់ព្រះអង្គក្នុងប្រទេស, សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា មានភារកិច្ចទទួលជួយព្រះអង្គក្នុងការបំពេញតួនាទីជាប្រមុខរដ្ឋស្តីទី របស់ព្រះរាជាណាចក្រកម្ពុជា។

អញ្ជើញនិងយាងចូលរួមដង្ហែរព្រះរាជដំណើរនៅព្រលានយន្តហោះអន្តរជាតិវេលាថ្ងៃទី២៨ សីហា រួមមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី, មន្រ្តីជាន់ខ្ពស់នៃស្ថាប័នរាជរដ្ឋាភិបាល, ស្ថាប័នព្រឹទ្ធសភា និងរដ្ឋសភា និងសែព្រះញាតិវង្សជាច្រើនអង្គ។

ads banner