រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថានទីម័រខាងកើត៖ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត, ប្រទេសកម្ពុជានឹងកាន់តែអភិវឌ្ឍឈានទៅមុខមួយកម្រិតថែមទៀត
ភ្នំពេញ៖ ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay)ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានសម្តែងនូវជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត, ប្រទេសកម្ពុជានឹងកាន់តែអភិវឌ្ឍឈានទៅមុខមួយកម្រិតថែមទៀត។ ការលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
នៅក្នុងជំនួបនេះ ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាក្តីមោទនភាព ចំពោះការណ៍ដែលឯកឧត្តមស្ថិតក្នុងចំណោមឥស្សរជនអន្តរជាតិដំបូង ដែលត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត។

ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ដែលតែងបានជួយ និងផ្តល់ការគាំទ្រដល់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នាពេលកន្លងមក, ជាពិសេសការជួយឱ្យប្រទេសទីម័រខាងកើត ក្លាយជាប្រទេសអង្កេតការនៅក្នុងអាស៊ានទី១១ និងការបញ្ចុះបញ្ចូលសមាជិកអាស៊ានផ្សេងទៀតឱ្យគាំទ្រប្រទេសទីម័រខាងកើត សម្រាប់ការចូលរួមជាសមាជិកអាស៊ាន ផងដែរ។
ជាកិច្ចឆ្លើយតប ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានគូសរំលេចអំពីទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសទាំង២ ដែលបានចាប់ផ្តើមនាឆ្នាំ២០០២ និងបានសម្រេចជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ជាពិសេស នៅក្នុងឆ្នាំ២០២២ នៅពេលដែលកម្ពុជា ជាប្រធានអាស៊ាន។ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ក៏បានបង្ហាញអំពីការបន្តរក្សាជំហរក្នុងការគាំទ្របេក្ខភាពរបស់ប្រទេសទីម័រខាងកើតនៅក្នុងអាស៊ាន, អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជានិម្មាបនកម្មតំបន់ និងសកលដទៃទៀត។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានលើកឡើងអំពីបទពិសោធន៍នៃដំណើរការនៃការកសាងជាតិរបស់កម្ពុជា ដែលជាដំណើរមួយដ៏លំបាក ហើយបរិការណ៍របស់ប្រទេសទីម័រខាងកើតនាបច្ចុប្បន្ន ក៏មិនខុសពីអ្វីដែលកម្ពុជាបានឆ្លងកាត់កន្លងមកនោះដែរ។ ក្នុងន័យនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានថ្លែងអំណរគុណចំពោះការលើកឡើងយ៉ាងជ្រាលជ្រៅរបស់ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) ហើយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏សូមផ្តាំផ្ញើរសួរសុខទុក្ខចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត និងសូមអរគុណចំពោះលិខិតដ៏មានអត្ថន័យ ដែលឯកឧត្តមនាយករដ្ឋមន្រ្តី បានអបអរសាទរឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដោយត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត សង្ឃឹមថា នឹងអាចជួបដោយផ្ទាល់ជាមួយឯកឧត្តមនាយករដ្ឋមន្រ្តី នៅទីក្រុងហ្សាកាតា នាកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខនេះ។

ជាចុងក្រោយ ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) បានស្ញើចសរសើរចំពោះមិត្តភាពរវាងប្រទេសទីម័រខាងកើត និងកម្ពុជា ព្រោះនៅក្នុងស្ថានភាពដ៏លំបាកបំផុត ទើបអាចស្វែងរកមិត្តភ័ក្រ្តដ៏ពិតប្រាកដបាន។ ដោយផ្អែក ទិដ្ឋភាពសេដ្ឋកិច្ច ទិដ្ឋភាពវប្បធម៌ និងទិដ្ឋភាពប្រវត្តិសាស្រ្ត ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទីម័រខាងកើត នឹងចងចាំមិនភ្លេចឡើយនូវមិត្តភាពដ៏ប្រពៃនេះ។ ក្នុងនាមប្រជាជន និងរដ្ឋាភិបាលទីម័រខាងកើត ឯកឧត្តម បានគោរពអញ្ជើញឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ធ្វើដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នាពេលខាងមុននេះ។
ជាទីបញ្ចប់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានជូនពរឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មបន្តទៀតនាថ្ងៃអនាគត និង សូមធ្វើដំណើរមាតុភូមិនិវត្តប្រកបដោយសុខសុវត្ថិភាព៕
ដោយ៖ពលជ័យ
រូបភាព៖ក្រុមការងារឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត
