កិច្ចពិភាក្សាតម្លើងប្រាក់ឈ្នួលកម្មករបានបន្ត (Video Inside)
កិច្ចពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ សម្រាប់កម្មករនិយោជិត បានបន្តថែមទៀតនៅថ្ងៃទី២៨សីហា ប៉ុន្តែមិនទាន់បានបញ្ចេញតួលេខចុងក្រោយ ដែលស្នើនោះឡើយ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួល ដល់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងរៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩៧។
កម្មករនិងនិយោជិត តែងទទួលបានប្រាក់ឈ្នួលបង្កើនរបស់ខ្លួនយ៉ាងទៀងទាត់ តាមកិច្ចពិភាក្សាគ្នារវាងសហជីព និងតំណាងម្ចាស់រោងចក្រ តាមរយៈការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បើទោះបីជាការតម្លើងមិនច្រើន ដូចតាមការរំពឹងទុកនោះក៏ដោយ។
កិច្ចពិភាក្សាថ្ងៃទី២៨ សីហា ឆ្នាំ២០២៣ រយៈពេល៤ម៉ោង បានធ្វើឡើងក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ។ ក្រោយពីការពិភាក្សា, អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខ។
នៅក្នុង២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប គឺមានចំនួន ២០០ដុល្លារក្នុងមួយខែ។ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលចន្លោះពី២១៧ទៅ២២៨ដុល្លារក្នុងមួយខែ៕