៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៦០០ករណី (Video Inside)
តួលេខឆ្លងកូវីដ១៩ ក្នុងអាស៊ាននៅតែបន្តមាន បើទោះបីជាតួលេខមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់យ៉ាងណាក៏ដោយ។ ប្រទេសកម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មិនបានរកឃើញអ្នកឆ្លងថ្មីឡើយ។
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួនតែ ៦៤៣ករណី ដែលបានកើតលើប្រទេសចំនួន ៤ នៅអាស៊ាន រួមមានប្រទេសវៀតណាម, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, និងប្រទេសឡាវ។
ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៥២២ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ១ករណី។ ប្រទេសប្រុយណេ, សឹង្ហបុរី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ ប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៤ម៉ឺន ៧ពាន់ ៦៨១ករណី, និងការ ស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៧៨៨ នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៦៩៣លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕