ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ សូមបន្តនិរន្តរភាពអ្វីដែលយើងមានពីមុន និងបន្តបង្កើនប្រសិទ្ធភាពតទៅមុខទៀត

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ មានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ សូមបន្តនិរន្តរភាពអ្វីដែលយើងមានពីមុន និងបន្តបង្កើនប្រសិទ្ធភាពតទៅមុខទៀត យកចិត្តទុកដាក់អនុវត្តការងារជាប្រចាំ ធ្វើយ៉ាងណាពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីផ្តល់បណ្ណកម្មសិទ្ធស្របច្បាប់ជូនពួកគាត់ ។

នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានដឹកនាំកិច្ចប្រជុំជីវភាពដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារសុរិយោដីនិងភូមិសាស្រ្ត ការងាររៀបចំដែនដី នគរូបនីយកម្ម និងការងារដោះស្រាយវិវាទដីធ្លី ដែលបាននឹងកំពុងអនុវត្ត ដើម្បីកំណត់ទិសដៅត្រូវអនុវត្តបន្ត នៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។

គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ក្រសួងបានចេញបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋបាន ៦.៩៤៥.០៦៩បណ្ណ ស្មើនឹង ៩៩,២% នៃចំនួនក្បាលដីប៉ាន់ស្មានដំបូងចំនួន ៧លានក្បាលដី នៅក្នុងភូមិចំនួន ៧.៥០៨ នៃឃុំចំនួន៦៥០ នៃក្នុងក្រុងស្រុកចំនួន ៣០ទូទាំងប្រទេស តាមរបាយការណ៍របស់អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត។ គិតចាប់ពីពេលផ្តើមអនុវត្ត ដល់ខែកក្កដា ឆ្នាំ២០២៣ ក្រសួងបានដោះស្រាយវិវាទដីធ្លីតាមរយៈទាំង៣យន្តការ ដោយបានដោះស្រាយបញ្ចប់នីតិវិធីចំនួន ១១.២៧៥ ពីក្នុងពាក្យបណ្តឹងសរុបចំនួ ១៤.៨១៤ករណី និងកំពុងដោះស្រាយជាបន្តបន្ទាប់ទៀត។ ក្រៅពីនេះក្រសួងក៏សំរេចបាននូវលទ្ធផលការងារល្អប្រសើរជាច្រើនទាក់ទិននឹងការងារសុរិយោដីនិងភូមិសាស្រ្ត និងការងាររៀបចំដែនដី នគរូបនីយកម្មផងដែរ។

ក្រោយស្តាប់របាយការណ៍របស់អគ្គនាយកដ្ឋាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានណែនាំឱ្យក្រុមការងារទាំងអស់ត្រូវរៀបចំ និងការពារឱ្យបាននូវការរៀបចំដែនដី ទន្លេ សមុទ្រដោយត្រូវការពារ និងអភិវឌ្ឍបន្ថែម ពន្លឿនការចុះបញ្ជីដីរដ្ឋនិងប្លង់គោលប្រើប្រាស់ដីរដ្ឋ សហការជាមួយអន្តរក្រសួងដើម្បីធ្វើផែនទីឯកភាពរួមសំរាប់ថ្នាក់ជាតិចុះបញ្ជីដីរដ្ឋឱ្យបានចប់សព្វគ្រប់ និងឆាប់រហ័ស បើកទូលាយនិងសហការជាមួយក្រុមហ៊ុនដៃគូដែលមានវិជ្ជាជីវៈដើម្បីពន្លឿនការចុះបញ្ជី បែងចែកក្រុមការងារ ដើម្បីជំរុញការងារដោះស្រាយវិវាទដីធ្លីឱ្យបានឆាប់រហ័ស និងរៀបចំប្រព័ន្ធទិន្នន័យឯកសារជាតិដើម្បីរក្សាទុកឯកសារពាក់ព័ន្ធឱ្យបានត្រឹមត្រូវ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ ឱ្យបន្តនិរន្តរភាពអ្វីដែលយើងមានពីមុន និងបន្តបង្កើនប្រសិទ្ធភាពតទៅមុខទៀត យកចិត្តទុកដាក់អនុវត្តការងារជាប្រចាំ ធ្វើយ៉ាងណាពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស ដើម្បីផ្តល់បណ្ណកម្មសិទ្ធស្របច្បាប់ជូនពួកគាត់ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner