អ៊ីរ៉ង់ព្រមានអឺរ៉ុប ជុំវិញការបោះបង់ចោលការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអនុវត្តតាម កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥

អ៊ីរ៉ង់៖ រដ្ឋាភិបាលក្រុងតេហេរ៉ង់នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានព្រមានប្រទេសអឺរ៉ុប ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នំា២០១៥ តាមរយៈការដកខ្លួនចេញពីការប្តេជ្ញាចិត្តរបស់ខ្លួន ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ ប្រសិនបើពួកគេបរាជ័យបំពេញតាមតម្រូវការរបស់ទីក្រុងតេហេរ៉ង់។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក អាបាស់ ម៊ូសាវី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចំាសប្តាហ៍របស់លោកថា យើងកំពុងរង់ចំាវិធានការជាក់ស្តែងរបស់អឺរ៉ុប ក្នុងការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយថា ការអត់ធ្មត់របស់អ៊ីរ៉ង់មានដែនកំណត់ ហើយអឺរ៉ង់នឹងចាត់វិធានការដំណាក់កាលទី៣ បើសិនជាអឺរ៉ុបខកខានមិនបានគោរពការប្តេជ្ញាចិត្តរបស់ពួកគេម្តងទៀត។

សូមរំលឹកផងដែរថា ប្រេសិតអ៊ីរ៉ង់ទទួលបន្ទុកកិច្ចចរចានុយក្លេអ៊ែរ លោក អាបាស់ អារ៉ាក់ឈី នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានអះអាងដែរថា ទីក្រុងតេហេរ៉ង់នឹងបន្តចាកចេញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ប្រសិនបើភាគីពាក់ព័ន្ធទាំងអស់នៅតែបរាជ័យ ក្នុងការជួយស្រោចស្រង់សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ ដែលកំពុងទទួលរងសម្ពាធពីទណ្ឌកម្មសហរដ្ឋអាម៉េរិកទេនោះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner