ក្រុមវិស្វកររបស់ NASA កំពុងព្យាយាមរក្សាយានអវកាសដ៏ចំណាស់បំផុតចំនួន២គ្រឿង របស់ខ្លួននៅក្រៅប្រព័ន្ធព្រះអាទិត្យ
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ ទីភ្នាក់ងារអវកាសអាម៉េរិក NASA កំពុងអនុវត្តន៍ផែនការថ្មីមួយ ដែលមានគោលដៅរក្សាឲ្យយានអវកាស វ៉ូយ៉េកជឺ ទី១ (Voyager ទី១) និង វ៉ូយ៉េកជឺ ទី២ (Voyager ទី២) ដែលជាយានអវកាសរបស់ខ្លួនអាចបន្តប្រតិបត្តិការរបស់ពួកវាបានតទៅមុខទៀត។
យានអវកាសទាំងពីរនេះ ត្រូវបានបញ្ជូនចេញពីផែនដីកាលពីឆ្នាំ១៩៧៧ ហើយបច្ចុប្បន្នយានទាំងពីរគ្រឿងកំពុងស្ថិតនៅតំបន់ដែលគេហៅថា តំបន់ចន្លោះប្រព័ន្ធផ្កាយ ក្រោយពីពួកវាបានចេញផុតពីប្រព័ន្ធព្រះអាទិត្យ ខណៈឥឡូវនេះ វ៉ូយ៉េកជឺទី១ ស្ថិតនៅចម្ងាយ២១,៨ពាន់លានគីឡូម៉ែត្រពីផែនដី រីឯ វ៉ូយ៉េកជឺទី២ នៅចម្ងាយប្រមាណ១៨ពាន់លានគីឡូម៉ែត្រពីភពរបស់យើង។
គួរបញ្ជាក់ថា យានអវកាសរបស់អង្គការ NASA ដ៏ចំណាស់ទំាងពីរនេះ បានស្ថិតក្នុងទីអវកាសអស់រយៈពេលជិត៤២ឆ្នាំហើយ ពោលគឺពួកវាដំណើរការបានយូរជាងយានអវកាសណាៗទាំងអស់នៅក្នុងប្រវត្តិសាស្រ្ត៕ធ.ដ