រលកកម្តៅដ៏អាក្រក់វាយប្រហារប្រទេសជប៉ុន បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាង៥,០០០នាក់
ជប៉ុន៖ ទីភ្នាក់ងារគ្រោះមហន្តរាយ និងអគ្គិភ័យជប៉ុនបានរាយការណ៍នៅថ្ងៃអង្គារនេះថា ក្នុងរយៈពេលមួយសប្តាហ៍មកនេះ រលកកម្តៅដ៏អាក្រក់បានបង្កការគំរាមកំហែងនៅតាមតំបន់ជុំវិញប្រទេសជប៉ុន ដែលជាលទ្ធផលនោះ មានមនុស្ស១១នាក់ស្លាប់ និងប្រមាណ៥,៦៦៤នាក់ផ្សេងទៀត ត្រូវទទួលការពិនិត្យព្យាបាលនៅមន្ទីរពេទ្យ។
កាលពីខែឧសភាកន្លងទៅ មានមនុស្សមួយចំនួនបានបាត់បង់ជីវិត និងរាប់រយនាក់ទៀតត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសារការវាយប្រហារពីរលកកម្តៅនៅជប៉ុន។ ចំណែកកាលពីឆ្នាំ២០១៨ រលកកម្តៅអំឡុងរដូវក្តៅនៅប្រទេសជប៉ុន បានផ្តាច់ជីវិតមនុស្សរហូតដល់ជាង១ពាន់នាក់។
ដោយឡែកកាលពីចន្លោះថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកក្កដាវិញ តួលេខជនរងគ្រោះដែលត្រូវទទួលការពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យ បានកើនឡើងយ៉ាងគំហុក ក្នុងគ្រាដែលសីតុណ្ហភាពបានឡើងខ្ពស់ដល់៣២ ទៅ៣៥អង្សាសេ។ ការវាយប្រហាររលកកម្តៅនេះ បានកើតមាន ក្រោយអំឡុងខែមិថុនា និងប៉ុន្មានសប្តាហ៍ដំបូងនៃខែកក្កដានេះ ហាក់មានសីតុណ្ហភាពទាប៕ធ.ដ