អាជ្ញាធរខេត្តសៀមរាប សហការជាមួយមន្ទីរកសិកម្ម ចុះជួបសំណេះសំណាលជាមួយ បងប្អូនអាជីវករ និងអ្នកលក់សាច់ជ្រូក នៅផ្សារលើធំថ្មី
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ និងអ្នកលក់សាច់ជ្រូក នៅផ្សារលើធំថ្មី នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមសត្វជ្រូកនៅក្នុងខេត្តទាំងអស់ បានជ្រាបថា ការចិញ្ចឹមសត្វជ្រូក និងការពិសាសាច់ជ្រូកលែងបង្កឲ្យមានគ្រោះថ្នាក់ទៀតហើយ។
នេះបើយោងតាមការការជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗកន្លងមក។ ក្នុងពិធីសំណេះសំណាលនោះ ដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្ត និងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងក្រុមការងារទាំងអស់ បានចូលរួមពិសាសាច់ជ្រូកខ្វៃរួមគ្នាជាមួយមន្ត្រីរាជការ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋ និងអាជីវករ ដើម្បីបញ្ជាក់អំពីសាច់ជ្រូកមានសុវត្ថិភាពពុំមានបញ្ហាអ្វីឡើយ។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានលើកលើកឡើងថា ក្រោយអំពីលេចឮតាមប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ នៃការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិកមកដល់ប្រទេសកម្ពុជា ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តសៀមរាប ឈប់បរិភោគសាច់ជ្រូក និងឈប់ទិញសាច់ជ្រូកនៅក្នុងផ្សារនានា ដោយភ័យខ្លាចអំពីជំងឺទាំងអស់នោះឆ្លងមកដល់ខ្លួន។
ចំពោះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ គឺមិនបណ្ដាលឲ្យឆ្លងទៅមនុស្សនោះទេ គឺឆ្លងតែជ្រូកគ្នាវាតែប៉ុណ្ណោះ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា ក៏ដូចជាពលរដ្ឋនៅខេត្តសៀមរាប នាំគ្នាហូបសាច់ជ្រូកជាធម្មតាវិញចុះ។ លោកបានក្រើនរម្លឹកថា រាល់ការទិញសាច់ជ្រូកទៅហូប ត្រូវពិនិត្យមើលសាច់ជ្រូក ដែលមានត្រាពេទ្យបស្សុសត្វត្រឹមត្រូវ ចៀសវាងការទិញសាច់ជ្រូកដែលគ្មានត្រាពីពេទ្យសត្វ។ រាល់ការលក់សាច់ជ្រូកនៅលើទីផ្សារ ត្រូវតែមានវាយត្រាពីពេទ្យសត្វទើបបញ្ជាក់ថា សាច់សត្វនោះ បានពិនិត្យសុខភាពសត្វយ៉ាងត្រឹមត្រូវពីមន្ត្រីជំនាញរួចហើយ។
លោក ពិន ប្រាកដ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចាប់យកការចិញ្ចឹមសត្វជ្រូកនេះឡើងវិញ ដើម្បីលើកកម្ពស់ជីវភាព និងសុខមាលភាពដល់បងប្អូនប្រជាពលរដ្ឋ។ ចំពោះបញ្ហាជំងឺប៉េស្តជ្រូកដែលថា មេរោគនេះ អាចឆ្លងមកមនុស្សនោះ គឺមិនឆ្លងទេ ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ឆ្លងតែជ្រូកគ្នាវាតែប៉ុណ្ណោះ។ លោកបន្តថា ចំពោះសាច់ជ្រូក ដែលលក់នៅក្នុងទីផ្សារ គឺសុទ្ធតែពិនិត្យត្រឹមត្រូវ និងវ៉ៃត្រាពីមន្ត្រីបស្សុពេទ្យរួច ទើបអនុញ្ញាតឲ្យនាំចេញមកលក់ទីផ្សារនានាបាន។ ជាមួយគ្នានេះ លោកបានណែនាំ ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តចុះពិនិត្យរាល់សាច់ជ្រូក ដែលនាំចូលមកលក់ក្នុងទីផ្សារ ឲ្យបានហ្មត់ចត់ ដោយមិនត្រូវឲ្យមានការនាំចូលជ្រូកពីក្រៅប្រទេសមកចូលនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តសៀមរាបនោះទេ។
អាជីករលក់ដូរនៅក្នុងផ្សារលើធំថ្មី បានលើឡើងថា ការលក់សាច់ជ្រូកមួយរយ:កន្លងមកមានការធ្លាក់ចុះយ៉ាងខ្លាំង។ ពួកគាត់លក់មិនសូវដាច់ទេ ចាប់តាំងពីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកមកម្ល៉េះ ប៉ុន្តែឥឡូវក្នុងរយ:ពេលពីរបីថ្ងៃនេះ ឃើញថា ចំពោះការលក់ដូរសាច់ជ្រូកនៅក្នុងផ្សារ ក៏ដូចជាទូទាំងខេត្តមានការកើនឡើងគួរឲ្យកត់សម្គាល់ គឺលក់ដាច់ដូចមុនៗ ដោយសារសាច់ជ្រូកដែលដាក់តាំងលក់នៅតាមផ្សារនានានោះ គឺបានឆ្លងកាត់នៃការត្រូតពិនិត្យគុណភាព សុវត្ថិភាពចំពោះសាច់ទាំងអស់នោះពីមន្ត្រីជំនាញបស្សុពេទ្យរួចរាល់ មានទាំងបោះត្រាជាសម្គាល់ទើបអនុញ្ញាតឲ្យអាជីវករលក់ដូរនៅតាមទីផ្សារបាន។
អ្វីជាពិសេសនោះ គឺជំងឺប៉េស្តជ្រូកដែលថា មេរោគនេះ អាចឆ្លងមកមនុស្សនោះ គឺមិនឆ្លងទេ គឺជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ឆ្លងតែជ្រូកគ្នាវាតែប៉ុណ្ណោះ អ៊ីចឹងនៅពេលដែលប្រជាពលរដ្ឋ ពួកគាត់បានយល់ដឹងពីជំងឺនេះហើយ ពួកគាត់ក៏បានត្រឡប់មកទិញសាច់ជ្រូកធម្មតាៗវិញ មិនមានបញ្ហាអ្វីឡើយ៕ធ.ដ
ដោយៈ ស៊ាន សុផាត