ក្រុមហ៊ុនអាកាសចរណ៍ Korean Air របស់កូរ៉េខាងត្បូង គ្រោងកាត់បន្ថយជើងហោះហើរទៅជប៉ុន ដោយសារតម្រូវការធ្វើដំណើរធ្លាក់ចុះ

កូរ៉េខាងត្បូង៖ ក្រុមហ៊ុនអាកាសចរណ៍ កូរៀនអ៊ែរ ចាប់ពីថ្ងៃទី០៣ ខែកញ្ញាខាងមុខនេះ គ្រោងផ្អាកជើងហោះហើររវាងទីក្រុងប៊ូសាន របស់កូរ៉េខាងត្បូង និងទីក្រុងសាប៉ូរ៉ូ របស់ជប៉ុន ដោយសារតែតម្រូវការធ្វើដំណើរបានធ្លាក់ចុះ ។

បើតាមអ្នកនាំពាក្យរបស់អាកាសចរណ៍ក្រុមហ៊ុន កូរៀនអ៊ែរ ទន្ទឹមគ្នានេះខ្លួនក៏កំពុងពិចារណាកាត់បន្ថយចំនួនជើងហោះហើររវាងប្រទេសទាំងពីរ ឬក៏ផ្ទេរទៅឲ្យយន្តហោះធុនតូចៗ ទទួលបន្ទុកធ្វើប្រតិបត្តិការវិញ ចាប់ពីពាក់កណ្តាលខែសីហាខាងមុខផងដែរ ។ ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ដទៃទៀតរបស់កូរ៉េខាងត្បូង ក៏ទើបតែបានប្រកាសពីគម្រោងកាត់បន្ថយជើងហោះហើរទៅកាន់ទីក្រុងមួយចំនួនរបស់ជប៉ុនផងដែរ ។

យោងតាមទិន្នន័យពីអង្គការទេសចរណ៍ជាតិជប៉ុន បានឱ្យដឹងថា ជនជាតិកូរ៉េគឺជាអ្នកធ្វើដំណើរធំបំផុតទីពីររបស់ប្រទេសជប៉ុន ស្មើនឹង ២៤.២% នៃចំនួនភ្ញៀវទេសចរទាំងអស់កាលពីឆ្នាំ២០១៨ ដែលបានទៅទស្សនាកម្សាន្តនៅជប៉ុន ខណៈចិនឈរនៅលេខ១កំពូល ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner