សារព័ត៌មានអង់គ្លេសចេញផ្សាយថា កំណើនសេដ្ឋកិច្ចប្រទេសចិននៅតែបន្តមានសភាពលេចធ្លោ
ចិន៖ ទោះបីជាកំណើនសេដ្ឋកិច្ចប្រទេសចិនឆ្នាំ២០១៩នេះ មានការធ្លាក់ចុះមកកម្រិតទាបជាងគេចាប់តាំងពីឆ្នាំ១៩៩០មក ក៏ប៉ុន្តែអត្រាកំណើន៦.២% ក្នុងអំឡុងត្រីមាសទី២ នៅតែមានសន្ទុះលឿនជាងសហរដ្ឋអាម៉េរិកច្រើនជាង៤ដង ដើរលើសប្រទេសលោកខាងលិចដូចជា អង់គ្លេស ០.១% និងបារាំង ០.៣% ។
អត្រាកំណើនសេដ្ឋកិច្ច៦.៣%ក្នុងឆមាសទី១បញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិននៅតែជាប្រភពកំណើនធំជាងគេក្នុងពិភពលោក ។ ត្រឹមបរិមាណកំណើននៃផលិតផលក្នុងស្រុកសរុបរបស់ចិនមួយឆ្នាំៗ គឺស្មើទៅនឹងទំហំសេដ្ឋកិច្ចទាំងមូលពេញមួយឆ្នាំរបស់អូស្រ្ដាលីទៅហើយ ដូច្នេះពិភពលោកមិនចាំបាច់មានក្ដីបារម្ភ អំពីការឈានមកដល់នៃវិបត្តិសេដ្ឋកិច្ចនោះទេ ។
ចិនអនុវត្តកំណែទម្រង់បើកចំហរយៈពេល៤០ឆ្នាំ ដោយរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ ៩.៥% ជាមធ្យមក្នុងមួយឆ្នាំៗ ដោយមិនធ្លាប់ជួបបញ្ហាសេដ្ឋកិច្ចអន់ថយនោះទេ ហើយនេះគឺជាអច្ឆរិយៈមួយ ។ ជាពិសេសតាមរយៈការកសាងកិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់ និងផ្លូវ» ខេត្តមួយចំនួននៃភាគខាងលិចរបស់ចិន បាននឹងកំពុងក្លាយជាវេទិកាឈានមុខ នៃគោលនយោបាយបើកចំហ ដែលអាចនឹងមានសង្ឃឹមក្លាយជាកម្លាំងថ្មី ដើម្បីរុញច្រានសេដ្ឋកិច្ចចិនទៅថ្ងៃខាងមុខ ៕ធ.ដ