ស្លាប់មនុស្សជិត៦០នាក់ អំឡុងអំពើហិង្សាក្នុងពន្ធនាគារមួយកន្លែងនៅប្រេស៊ីល
ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រយុទ្ធគ្នារវាងក្រុមបងធំ នៅក្នុងពន្ធនាគារមួយកន្លែង នៅប្រទេសប្រេស៊ីល កាលពីថ្ងៃម្សិលមិញ បានកើនដល់៥៧នាក់ហើយក្នុងនោះ មានអ្នកទោស១៦នាក់ ត្រូវបានគេកាត់ក្បាល។
យោងតាមអាជ្ញាធរប្រេស៊ីល អំពើហិង្សាដ៏អាក្រក់ខាងលើកើតឡើងនៅម៉ោងប្រមាណ ៧ព្រឹក កាលពីថ្ងៃចន្ទ ទី២៩ កក្កដា នៅឯពន្ធនាគារមួយក្នុងទីក្រុង Altamira ស្ថិត នៅភាគខាងជើងនៃប្រទេស។ ការវាយប្រយុទ្ធគ្នានេះ បានកើតឡើងដំបូងដោយក្រុមបងធំ ឈ្មោះ Comando Classe A បានគប់ភ្លើងចូលក្នុងគុករបស់ក្រុមបងធំមួយទៀតឈ្មោះ Red Command។
គួរជម្រាបថា អំពើហិង្សា ក្នុងពន្ធនាគារ នៅប្រទេសប្រេស៊ីល មិនមែនជារឿងប្លែកនោះទេ ។ ការប៉ះទង្គិចគ្នារវាងក្រុមទំនើងនៅក្នុងពន្ធនាគារ តែងតែកើតមានឡើងជាញឹកញាប់ ដែលគេហៅថា កុប្បកម្ម។ ប្រទេសនេះ គឺជាប្រទេសធំជាងគេ លំដាប់ទី៣ ក្នុងចំណោមប្រទេស ដែលមានអត្រាអ្នកទោស ច្រើនជាងគេបំផុត នៅលើពិភពលោក ជាមួយនឹងអ្នកទោសប្រមាណ៧០០,០០០នាក់ ហើយការដាក់អ្នកទោស លើសចំណុះនេះ គឺជាបញ្ហាយ៉ាងធំ បណ្តាលឲ្យកើតមានអំពើហិង្សា។
គួររំលឹកថា កាលពីខែឧសភាកន្លងទៅ មនុស្ស៤០នាក់ ត្រូវបានគេសម្លាប់ក្នុងថ្ងៃតែមួយ នៅពន្ធនាគារ៤ទីតាំងផ្សេងគ្នា ស្ថិតក្នុងទីក្រុង Manaus រដ្ឋ Amazonas ដោយការសម្លាប់នេះ បានកើតឡើងក្រោយ១ថ្ងៃ បន្ទាប់ពីមនុស្ស១៥នាក់បានស្លាប់ ក្នុងការប្រយុទ្ធគ្នានៅពន្ធនាគារ នៅក្នុងតំបន់៕ធ.ដ