ចំនួនសត្វខ្លានៅប្រទេសឥណ្ឌាកើនឡើងដល់ជិត៣ពាន់ក្បាល
កាលពីថ្ងៃទី២៩ កក្កដា ២០១៩ នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌាលោក Narendra Modi បានប្រកាសថា ចំនួនសត្វខ្លានៅប្រទេសឥណ្ឌាបានកើនឡើងពី ២,២២៦ ក្បាល នៅឆ្នាំ២០១៤ ឡើងមកដល់ ២,៩៦៧ក្បាលនៅឆ្នាំ២០១៨។
ប្រទេសឥណ្ឌាពេលនេះជាជម្រកនៃសត្វខ្លាដ៏ធំជាងគេ និងសុវត្ថិភាពជាងគេ ខណៈសារឥណ្ឌាជាជម្រកសត្វខ្លា ៧០% នៃចំនួនសត្វខ្លាទាំងអស់លើពិភពលោក នេះបើតាមការប្រកាសរបស់លោក Narendra Modi តាមរយៈបណ្តាញសង្គម។
បើតាមសារព័ត៌មានអង់គ្លេសនេះបានឲ្យដឹងថា ការអភិរក្សមានភាពជោគជ័យ ដោយសារតែមានការអនុវត្តច្បាប់ការពារដែនជម្រកសត្វព្រៃ ឆ្នាំ១៩៧២ ដែលចាត់ទុកថា ការសម្លាប់ ឬ ការចាប់សត្វព្រៃជាអំពើខុសច្បាប់។ លើសពីនេះទៀត ឥណ្ឌាបានវិនិយោគច្រើនលើការជួលឆ្មាំយាមព្រៃ និងការការពារដែនបម្រុង។
គួរបញ្ជាក់ផងដែរថា កំឡុងឆ្នាំ១៨៧៥ និងឆ្នាំ១៩២៥ សត្វខ្លាជាង ៨ម៉ឺនក្បាលត្រូវបានសម្លាប់នៅឥណ្ឌា ដោយការប្រមាញ់តាមរូបភាពផ្សេងៗ។ ចាប់ពីឆ្នាំ២០០៦ មកចំនួនសត្វខ្លានៅឥណ្ឌា ចាប់មានផ្ដើមមានការកើនឡើងរហូតមកដល់បច្ចុប្បន្ន៕ធ.ដ