អភិបាលខេត្តបាត់ដំបង នាំយកស្រូវពូជចែកជូនប្រជាពលរដ្ឋជិត២០០គ្រួសារ ដែលកំពុងជួបនឹងគ្រោះរាំងស្ងួតធ្ងន់ នៅឃុំបាយដំរាំ ស្រុកបាណន់

អត្ថបទដោយ៖
Kien Sereyvuth

ប្រជាពលរដ្ឋ១៨៥ គ្រួសារកំពុងជួបនឹងគ្រោះរាំងស្ងួត បង្កឲ្យមានការខូចខាតដំណាំស្រូវយ៉ាងធ្ងន់ ដែលស្ថិតក្នុងភូមិមួយចំនួនក្នុងឃុំបាយដំរ៉ាំ ស្រុកបាណន់ ត្រូវបានឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នាំយកស្រូវ ពូជទៅចែកជូនដល់បងប្អូនកសិកររងគ្រោះ ដើម្បីយកពូជស្រូវទៅដាំស្តាឡើងវិញ កាលពីថ្ងៃទី២៩ ខែកក្កដាម្សិលមិញនេះ ដោយមានវត្តមានលោកប្រធានមន្ទីរកសិកម្មខេត្តដែរ។

លោក ឈឹម វជ្ជិរ៉ា ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានឲ្យដឹងថា ស្រូវពូជដែលនាំមកចែកជូនពលរដ្ឋនេះ ជាប្រភេទស្រូវផ្ការំដួល ប្រមាណជាង១៨តោន ដោយក្នុងមួយគ្រួសារៗ ទទួលបានស្រូវ ពូជចំនួន១០០គីឡូក្រាម ដើម្បីយកទៅធ្វើស្រែជាលើកទី២ នៅក្នុងរដូវវស្សាឆ្នាំ២០១៩នេះវិញ។ លោកបានបន្ថែមទៀតថា ពូជស្រូវផ្ការំដួល ដែលផ្តល់ជូនដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ គឺសម្រាប់ផ្តល់ជូនប្រជាកសិករយកទៅធ្វេីការដាំដុះ និងស្តាឡេីងវិញ ដែលកន្លងមកបងប្អូនបានរងការខូចខាតដំណាំស្រូវដោយគ្រោះរាំងស្ងួត ប្រមាណ៣០០ហិកតា  នៅឃុំបាយដំរំានេះ។

លោក ង៉ុង ឆាន់លី មេឃុំបាយដំរាំ បានឲ្យដឹងថា ផ្ទៃដីប្រមាណជាង៩០ភាគរយ ដែលចាប់ផ្ដើមធ្វើស្រូវប្រាំង នៅពេលកំណើនធ្វើស្រូវប្រាំងកាន់តែកើនឡើង ធ្វើឲ្យបរិមាណទឹកសម្រាប់ស្រោចស្រពមិនគ្រប់គ្រាន់។បានធ្វើឲ្យ ស្រូវជាង៨០ភាគរយ កំពុងជួបគ្រោះរាំងស្ងួត និងកំពុងប្រឈមនឹងខ្វះពូជធ្វើស្រែសាជាថ្មី។ លោកមេឃុំ ក៏បានបញ្ជាក់ទៀតថា ក្នុងឃុំបាយដាំរាំ មានផ្ទៃដីស្រែរងផលប៉ះពាល់ប្រមាណ១,៩៧១ហិកតា ប៉ុន្តែផ្ទៃដីស្រែដែល រងការខូចខាតទាំងស្រុងសរុប៣០០ហិកតា។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ក្នុងរដូវធ្វើស្រែ ទាំងស្រូវប្រាំង និងស្រូវវស្សា បច្ចុប្បន្ននេះខេត្តបាត់ដំបងយើង បានជួបនូវបញ្ហាពលរដ្ឋដណ្ដើមទឹកគ្នា ដើម្បីស្រោចស្រពស្រូវ ហើយដែលបញ្ហាសំខាន់ ទាំងនេះ សូម្បីតែអាជ្ញាធរ ឬក៏អ្នកណាក៏មិនអាចដោះស្រាយបាន គឺមានតែបងប្អូនប្រជាពលរដ្ឋ ប្រជាកសិករ ក្នុងសហគមន៍ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ត្រូវខិតខំសហការរួមគ្នាដោះស្រាយនូវបញ្ហាកង្វល់ពីកង្វះទឹក ទើបអាច បញ្ចប់បាន។ ឯកឧត្តមក៏បានបន្ថែមថា បញ្ហានេះ បើបងប្អូនទាំងអស់គ្នាសំណូមពរតាមតែតម្រូវការចង់បាន គឺបញ្ហានេះមិនអាចដោះស្រាយបានទេ។ បើអ្នកណាក៏ចង់បាន អ្នកណាក៏ចង់បានដូចគ្នានោះ ហើយបញ្ហាប្រព័ន្ធ ធារាសាស្ត្រដែលយើងមានក្នុងដៃ ក៏មិនអាចផ្គត់ផ្គង់ក្នុងការផ្ដល់ទឹកទៅបានគ្រប់ទីកន្លែង ដែលបងប្អូនចង់បានដូចគ្នានោះដែរ។ ដូចនេះក្នុងនាមអាជ្ញាធរខេត្ត នឹងខិតខំជួយដោះស្រាយបញ្ហានេះជូន ទៅតាមលទ្ធភាពជាក់ ស្ដែង។ សហគមន៍ក្នុងមូលដ្ឋាន ត្រូវចេះយោគយល់គ្នា និងចេះប្រើប្រាស់ទឹកដើម្បីនិរន្តរភាពក្នុងការផ្គត់ផ្គង់ក្នុងការស្រោចស្រពទាំងអស់គ្នា។ ជាមួយគ្នានេះដែរ  ឯកឧត្តមអភិបាលខេត្ត  ក៏បានផ្តល់ប្រេងចំនួន៥០០លីត្រ  បន្ថែមជូនដល់បងប្អូនកសិករ និងអាជ្ញាធរឃុំបាយដំរាំ ដើម្បីធ្វេីការបូមទឹកសម្រាប់ស្រែដែលនៅឆ្ងាយពីប្រឡាយ និងសម្រាប់ធ្វេីការស្តាកាយប្រឡាយនាំមុខទឹកទៅកាន់ស្រែ និងព្រមទាំងបានផ្តល់ជូនឯកសារបច្ចេកទេស កសិកម្មមួយចំនួនដូចជា៖ បច្ចេកទេសដំណាំស្រូវ ដែលធននឹងការប្រែប្រួលអាកាសធាតុ  វិធីសាស្ត្រផលិតកម្មពូជស្រូវ និងការបន្សុទ្ធពូជស្រូវ ប្រតិទិន និងកំណត់ត្រាចំណាយ-ចំណូល លេីផលិតកម្ម ស្រូវពូជ ស្រូវចំណី  ឯកសារបច្ចេកទេស ដំណាំ ក្រូច  ក្រូច ឆ្មារ  ដំណាំស្វាយ និងបន្លែ ជូនដល់ បងប្អូនកសិករផងដែរ។

បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តបាត់ដំបងថ្មីៗនេះ បានបង្ហាញថា គិតត្រឹមជាងពាក់កណ្ដាលខែកក្កដា២០១៩ គ្រោះរាំងស្ងួតបានប៉ះបង្កនូវផលប៉ះពាល់ដំណាំស្រូវ ជាង៦ម៉ឺនហិកតា។ ប៉ុន្តែប៉ុន្មានថ្ងៃមុននេះ បញ្ហានេះ ត្រូវបានធូរស្រាលជាបណ្ដើរៗវិញហើយ ដោយសារតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងរយៈពេលលប៉ុន្មានថ្ងៃនេះ ហើយវាក៏ជាសញ្ញាវិជ្ជមានមួយ សម្រាប់ជួយស្រោចស្រពដំណាំស្រូវ នៅតាមតំបន់មួយចំនួនថែម ទៀតផង៕  ដោយៈ អ៊ុក សំអាន

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner