ឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ផ្តើមទស្សនកិច្ចកម្ពុជាហើយ

ភ្នំពេញ៖ ឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងលោកជំទាវ អញ្ជើញមកដល់កម្ពុជាហើយកាលពីរាត្រីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងឱកាសដែលឯកឧត្ដម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។

តាមកម្មវិធីដែលបានគ្រោងទុក បន្ទាប់ពីពិធីដាក់កូរ៉ោនផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣រួចហើយ ឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ នឹងត្រូវបន្តដំណើរទៅកាន់វិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាទីដែលរដ្ឋសភាកម្ពុជារៀបចំពិធីទទួលបដិសណ្ឋារកិច្ចចំពោះ ឯកឧត្តម គីម ជីន ព្យូ និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋកូរ៉េជាផ្លូវការ។

បន្ទាប់មក ឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នឹងមានជំនួបសម្ដែងការគួរសម និងជំនួបទ្វេភាគីជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន រឹងមាំ និងគ្រប់ជ្រុងជ្រោយថែមទៀត។

នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះផងដែរ ឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ក៏នឹងមានជំនួបសម្ដែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។ ជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជំនួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner