បណ្តាញសង្គមបង្ហោះរូបភាពចោរលួចម៉ូតូ ដើម្បីស្វែងរកកិច្ចសហការចាប់ខ្លួន (Video Inside)
បណ្តាញសង្គម បានបង្ហោះរួបភាពចោរលួចម៉ូតូមួយគ្រឿងរបស់ប្រជាពលរដ្ឋ ក្នុងហេតុការណ៍មួយ ដែលបានកើតឡើងនាវេលាព្រឹកម៉ោង ៩ និង ៤០នាទីនៅថ្ងៃសុក្រទី៨កញ្ញានេះ។
ការបង្ហោះនេះ ត្រូវគេចាត់ទុកថា ដើម្បីការស្វែងរកិច្ចសហការពីប្រជាពលរដ្ឋ ដើម្បីស្វែងរកជនសង្ស័យជាចោរចំនួន២នាក់ ដែលត្រូវបានកាមេរ៉ាសុវត្ថិភាពថតបាន ក្នុងអំពើលួចនាថ្ងៃទី៨ កញ្ញា ក្នុងភូមិអង្គ, សង្កាត់ចោមចៅទី៣, ខណ្ឌពោធិ៍សែនជ័យ។
យោងតាមកាមេរ៉ា ជនសង្ស័យជាចោរទាំង២នោះ បានជិះម៉ូតូពីមុខផ្ទះម្តងរួចទៅហើយនៅលើផ្លូវដ៏ស្ងាត់មួយ។ ខណៈដែលបានឃើញម៉ូតូមួយគ្រឿង បានចតចោលពីមុខផ្ទះ និងគ្មានមនុស្សនៅថែមទៀតនោះ, ជនសង្ស័យទាំង២ ដែលពាក់មួកសុវត្ថិភាព បានជិះវិលត្រឡប់មកវិញ ហើយធ្វើសកម្មភាពលួច។
សកម្មភាពនោះ ត្រូវបានឃើញដោយអ្នកជិតខាងម្នាក់ ដែលស្រែកឱ្យគេជួយចាប់ និងមានអ្នកភូមិប្រុសស្រី បាននាំគ្នាចេញមកដេញតាមជនសង្ស័យដែលលួចម៉ូតូនោះបានសម្រេចយ៉ាងប្រផិតប្រផើយ។
ប្រសិនណាបើពលរដ្ឋបានប្រទះឃើញ ជនសង្ស័យជាប់ពាក់ព័ន្ធ ដូចក្នុងរូបភាពតាមកាមេរ៉ាសុវត្ថិភាពនេះ សូមរាយការណ៍ដល់សមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។