អនុប្រធាន គ.ជ.ប៖ ចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ បានចំនួនជាង៥លាន៧សែននាក់

ភ្នំពេញ៖ លោក នុត សុខុម អនុប្រធាន គ.ជ.ប បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ គ.ជ.ប តាមរយៈលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត ដែលសហការអនុវត្តដោយផ្ទាល់ជាមួយអាជ្ញាធរឃុំ សង្កាត់ ជាពិសេសមេភូមិ បានចុះចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ បានចំនួន ៥.៧៧៥.៣១៣នាក់ (ប្រាំលានប្រាំពីររយចិតសិបប្រាំពាន់បីរយដប់បី) នាក់ ស្មើនឹង ៥៩,៤៧ (ហាសិបប្រាំបួនក្បៀសសែសិបប្រាំពីរ) ភាគរយ នៃចំនួនលិខិតអញ្ជើញដែល គ.ជ.ប បានបោះពុម្ព។ ការងារចុះចែកលិខិតអញ្ជើញនេះនៅតែបន្តរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធកាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការផ្សព្វផ្សាយបញ្ជីឈ្មោះបោះឆ្នោតចុងក្រោយ, លទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ និងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប បានមានប្រសាសន៍ថា ស្របតាមច្បាប់ ការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្រ្តៃយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ លោកបានបន្តថា ដើម្បីធានាឱ្យបានជោគជ័យលើការងារនេះ គ.ជ.ប បានរៀបចំ ចាត់ចែង និងដាក់ចេញនូវសកម្មភាពជាច្រើនតាមដំណាក់កាលនីមួយៗនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដោយផ្អែកតាមច្បាប់ បទបញ្ជា និងនីតិវិធី និងប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត។ ប្រធានបទសម្រាប់ថ្ងៃនេះ ដូចខាងក្រោម៖
១.ការផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ
ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២២ មានចំនួន ៩.៧១០.៦៥៥ (ប្រាំបួនលាន ប្រាំពីររយដប់ពាន់ ប្រាំមួយរយហាសិបប្រាំ) នាក់ ក្នុងនោះស្រ្តីមានចំនួន ៥.១៦១.៩០៩ (ប្រាំលាន មួយរយហុកសិបមួយពាន់ ប្រាំបួនរយប្រាំបួន) នាក់។

នៅមុនបើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត គ.ជ.ប នឹងធ្វើការផ្សព្វផ្សាយជាសាធារណៈនូវបញ្ជីបោះឆ្នោតចុងក្រោយនេះ (បញ្ជីបោះឆ្នោត ឆ្នាំ២០២២) តាមមធ្យោបាយដូចតទៅ៖
-ផ្សព្វផ្សាយនៅលើគេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន voterlist.nec.gov.khនិងតាមរយៈកម្មវិធីទូរសព្ទដៃ App (NEC KH)
-លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) និង ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ត្រូវបិទផ្សាយនៅសាលាឃុំ សង្កាត់ និងនៅទីតាំងណាមួយក្នុងឃុំ សង្កាត់ យ៉ាងតិច១០ (ដប់) ថ្ងៃមុនពេលចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយក្នុងឆ្នាំនេះការបិទផ្សាយត្រូវធ្វើនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយនេះ មានគោលបំណង ដើម្បីឱ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ មកពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនឡើងវិញ។ ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោតមិនត្រឹមត្រូវតាមទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត តាមឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ដូចបានជម្រាបជូនខាងលើ។

២.លទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២
យោងតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ដំណើរការនៃការចែកលិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស មានរយៈពេល៣០ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ គោលដៅនៃការចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋ គឺដើម្បីឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ បានពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនតាមឈ្មោះ និងទិន្នន័យផ្លូវការ ដែលមានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព និងដើម្បីអញ្ជើញប្រជាពលរដ្ឋមកកែតម្រូវ ឬធ្វើបច្ចុប្បន្នភាពជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់។

៣.សភាពការណ៍ទូទៅ មុនចាប់ផ្តើមដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣នេះ
ត្រូវបានរៀបចំនៅក្នុងសភាពការណ៍ដែលស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា មានការវិវឌ្ឍល្អប្រសើរ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានអត្រាអ្នកបោះឆ្នោតខ្ពស់ គឺ ៨៤,៥៩ (ប៉ែតសិបបួនក្បៀសហាសិបប្រាំបួន) ភាគរយ និងក្រោយពេលដែលរដ្ឋសភាថ្មី និងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានបង្កើត និងចូលកាន់តំណែងក្នុងពេលថ្មីៗកន្លងទៅ។

កត្តាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមនេះហើយ ដែលធ្វើឱ្យ គ.ជ.ប មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបចំចាត់ចែងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ
បោះឆ្នោតនាពេលខាងមុខនេះ។ ក្នុងនោះការងារមួយចំនួនយើងបានអនុវត្តរួចរាល់ ហើយការងារមួយចំនួនទៀត យើងត្រៀមនឹងអនុវត្តជាបន្តបន្ទាប់ដែលមានដូចជា៖
-ការរៀបចំកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ផែនការមេ ប្រតិទិនការងារ និងឯកសារគតិយុត្តផ្សេងទៀត សម្រាប់បម្រើឱ្យការចុះឈ្មោះបោះឆ្នោត
-ការបញ្ជាទិញសម្ភារ និងបរិក្ខារ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
-ការរៀបចំវគ្គបណ្ដុះបណ្ដាល និងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ទាំងនៅទីស្ដីការ គ.ជ.ប នៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត និងនៅតាមឃុំ សង្កាត់
-ការស្រង់ស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន
-ការបោះពុម្ព និងចែកលិខិតអញ្ជើញជូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២
-ការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត ជាមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅតាមឃុំ សង្កាត់
-ការរៀបចំ បញ្ជូនសម្ភារ និងបរិក្ខារសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
-ការងារចុះឈ្មោះបោះឆ្នោត និងបញ្ជូនលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់៕
ដោយ៖ពលជ័យ/រូបភាព៖គជប

ads banner